សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ
16-11-2026 15:09
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះលិខិតជូនពរប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងឱកាសពិធីចម្រើនជន្មាយុរបស់សម្តេច ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវបីតិសោមនស្សរីករាយឥតឧបមា ក្រោយទទួលបានសព្ទសាធុការពរជ័យ និងការកោតសរសើរពី សម្តេចតេជោ ចំពោះមគ្គុទេសកភាពរបស់សម្តេច ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ជាពិសេសតួនាទីការទូតសភាលើឆាកអន្តរជាតិ រហូតសម្រេចបានសមិទ្ធផលជាច្រើនជូនសង្គមជាតិ។
នៅក្នុងសារលិខិតនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក្យពេចន៍ជូនពរប្រកបដោយខ្លឹមសារដ៏ល្អប្រពៃរបស់ សម្តេចតេជោ មិនត្រឹមជាការផ្តល់នូវកិត្តិយសចំពោះនាងខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តចំពោះស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។ សម្តេចបានលើកឡើងបន្ថែមថា សម្តេចតេជោ គឺជាវីរជនកំពូលរបស់ជាតិ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី តាមរយៈការផ្តល់ឱកាសឱ្យស្ត្រីចូលរួមយ៉ាងពេញលេញលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម នៅគ្រប់កម្រិត។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានចាត់ទុកប្រសាសន៍របស់ សម្តេចតេជោ ថាជាកម្លាំងចិត្តដ៏ធំធេង ក្នុងការបន្តបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភាឱ្យសម្រេចបានស្នាដៃថ្មីៗបន្ថែមទៀត សំដៅពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់គ្រប់វិស័យ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


