លោកស្រី ឃួន ឃុនឌី ជំរុញក្រុមការងារចុះសួរសុខទុក្ខមេក្រុម និងមេគ្រួសារបក្សនៅស្រុកកំពង់ស្វាយ
16-11-2026 14:49
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញឱ្យក្រុមការងារចុះតាមបណ្តាភូមិរៀបចំធ្វើផែនការ ចុះសួរសុខទុក្ខដល់មេក្រុមបក្ស និងមេគ្រួសារបក្ស។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីស្នាក់ការគណបក្សឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវផ្តោតសំខាន់លើការផ្ទៀងផ្ទាត់សមាជិកឱ្យបានច្បាស់លាស់ ស្ដាប់បញ្ហាប្រឈម និងពិនិត្យមើលឯកសាររបស់សមាជិក ជាពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ព្រមទាំងជួយសម្រួលដល់យុវជនដែលដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃសាមគ្គីភាពផ្ទៃក្នុង និងការថែទាំសុខភាពរបស់សមាជិកសមាជិកាទាំងអស់ ដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឱ្យបានរីកចម្រើនទៅមុខ និងធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកស្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់៕



















