FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំកំពូល Black Swan Summit, អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិពិភាក្សាពីអនាគតប្រព័ន្ធហិរញ្ញវត្ថុ និងតួនាទីទីផ្សារកំពុងអភិវឌ្ឍន៍

16-11-2026 13:26

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានការរៀបចំកិច្ចពិភាក្សាជាច្រើនប្រធានបទផងដែរ ក្នុងកិច្ចពិភាក្សាជុំទី៤នេះ ក៏មានកិច្ចពិភាក្សាក្រោមប្រធានបទ «A Different Financial Future: What Emerging Markets Can Shape, Share and Scale» ឬ «អនាគតហិរញ្ញវត្ថុក្នុងទម្រង់ថ្មី៖តើទីផ្សារកំពុងអភិវឌ្ឍអាចបង្កើត ចែករំលែក និងពង្រីកអ្វីខ្លះ?»។

កិច្ចពិភាក្សានេះផ្តោតលើតួនាទី និងសក្តានុពលរបស់ប្រទេស ដែលមានទីផ្សារកំពុងអភិវឌ្ឍ ក្នុងការចូលរួមបង្កើតទិសដៅថ្មី សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការច្នៃប្រឌិត ការចែករំលែកបទពិសោធន៍ និងការពង្រីកដំណោះស្រាយហិរញ្ញវត្ថុទៅកាន់ទីផ្សារផ្សេងៗ។

កិច្ចពិភាក្សានេះមានការចូលរួមពីអ្នកជំនាញ និងតំណាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរួមមាន លោក Patrick Njoroge អតីតទេសាភិបាលធនាគារកណ្តាលប្រទេសកេនយ៉ា, លោក Dominic Jacques អនុប្រធានផ្នែកអន្តរជាតិនៃធនាគារ National Bank of Canada និងលោក ជា សេរីវឌ្ឍ គឺជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក Huy Nguyen Trieu សហស្ថាបនិកមជ្ឈមណ្ឌល CTE ជាអ្នកសម្របសម្រួលកិច្ចពិភាក្សា។

អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ បានបង្ហាញអំពីថា ការប្រើប្រាស់បច្ចេកវិទ្យាត្រូវចាប់ផ្តើមពីការកំណត់បញ្ហាជាក់ស្តែង មិនមែនចាប់ផ្តើមពីបច្ចេកវិទ្យា ហើយព្យាយាមរកបញ្ហាមកដោះស្រាយនោះទេ។ ជាពិសេសបច្ចេកវិទ្យា Blockchain គួរតែត្រូវបានប្រើប្រាស់នៅពេលដែលវាអាចផ្តល់ដំណោះស្រាយពិតប្រាកដ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះលោក ជា សេរីវឌ្ឍ បានបង្ហាញផងដែរអំពីប្រព័ន្ធបាគង ដែលបានជួយបង្រួបបង្រួមប្រព័ន្ធទូទាត់ ដែលពីមុនមានភាពបែកខ្ញែកនៅក្នុងប្រទេសកម្ពុជា ឱ្យមានការតភ្ជាប់គ្នា។ លោកលើកឡើងថា ក្នុងប្រទេសមួយចំនួន ការទូទាត់ប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតនៅតែជាបញ្ហាប្រឈមនៅឡើយ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា យើងបានដោះស្រាយបញ្ហានេះរួចហើយ។

លោកបានបន្ថែមថា «ទោះជាយ៉ាងណាខ្ញុំយល់ថា ដំណើរអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនទាន់បញ្ចប់ត្រឹមនេះទេ។ បច្ចុប្បន្ន យើងកំពុងឈានទៅកាន់ដំណាក់កាលបន្ទាប់ គឺតើយើងអាចបង្កើតដំណើរការបើកគណនីធនាគារ និងកាបូបលុយឌីជីថល (Wallet) ប្រកបដោយសុវត្ថិភាពបានយ៉ាងដូចម្តេច»?៕