សម្តេចតេជោ ហ៊ុន សែន ជួបសមាជិកសភាកាណាដា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ (Video inside)
16-11-2026 13:22
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រតិភូសភាប្រ៊ុយណេ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារី ហ្វ្រង់ ឡាឡង់ (Marie-France Lalonde) សមាជិកសភាកាណាដា និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជា។
យោងតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជាចំពោះភ្ញៀវអន្តរជាតិ។
លោក ជា ធីរិទ្ធ បានបន្តថា លោកស្រី ម៉ារី ហ្វ្រង់ ឡាឡង់ បានលើកឡើងថា ទោះបីកម្ពុជា និងកាណាដាមានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ។ លោកស្រីក៏មានបំណងចង់ឃើញស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ លោកស្រីបានកោតសរសើរចំពោះការលះបង់ និងការដឹកនាំរបស់សម្ដេចតេជោ ក្នុងការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។
អ្នកនាំពាក្យព្រឹទ្ធសភារូបនេះ បានបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យស្របគ្នានឹងទំនាក់ទំនងនយោបាយ ព្រមទាំងបានស្នើឱ្យលោកស្រីជួយជំរុញ និងទាក់ទាញអ្នកវិនិយោគកាណាដា មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រទេសកាណាដា ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាកាលពីអតីតកាល ព្រមទាំងបានគាំទ្រដល់ការអភិវឌ្ឍប្រទេស ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការរួមចំណែកជួយដល់សាលាក្ដីខ្មែរក្រហម ដែលជាការរួមចំណែកដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ បានជូនពរលោកស្រី និងគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕












