ក្នុងឱកាសចូលរួមកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំង, គណៈប្រតិភូជាន់ខ្ពស់បែលហ្ស៊ិក អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលទទួលស្វាគមន៍ដោយលោកស្រី យក់ សម្បត្តិ
15-11-2026 23:20
(ភ្នំពេញ)៖ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្របែលហ្ស៊ិក អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូ បានឆ្លៀតឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺ អេដស៍ សើស្បែក និងកាមរោគ (មជ្ឈមណ្ឌលជាតិ) នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងរំលេចកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសបែលហ្ស៊ិក និងក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រ កម្ពុជា ជា ពិសេសជាមួយ មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺ អេដស៍ សើស្បែក និងកាមរោគ (NCHADS) និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ព្រមទាំង ពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ និងការគាំទ្រកិច្ចសហប្រតិបត្តិលើកការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។
គណៈប្រតិភូប្រទេសបែលហ្ស៊ិកដឹកនាំដោយ លោក Michel Parys ឯកអគ្គរាជទូតបែលហ្ស៊ិក ប្រចាំកម្ពុជា ឡាវ ថៃ និងមីយ៉ានម៉ា, ភាគីកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមដោយមន្ត្រី ជាន់ខ្ពស់នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអតីតនិស្សិតនិង អ្នកទទួល អាហារូបករណ៍ របស់ វិទ្យាស្ថាន វេជ្ជសាស្ត្រត្រូពិកអង់វែប (ITM Antwerp)។
កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងការរួមចំណែករបស់បែលហ្ស៊ិកក្នុងវិស័យសុខាភិបាលកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ប្រទេសបែលហ្ស៊ិក បានចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍប្រព័ន្ធ សុខាភិបាល កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ អាហារូបករណ៍ ការសិក្សា ស្រាវជ្រាវ និងការពង្រឹងសមត្ថភាពស្ថាប័ន។
ការគាំទ្ររបស់ប្រទេសបែលហ្ស៊ិកបានរួមចំណែកដល់ ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខភាពសាធារណៈ ការ បណ្តុះបណ្តាលថ្នាក់ ក្រោយ ឧត្តមសិក្សា និងការសិក្សាស្រាវជ្រាវ។ សមិទ្ធផលសំខាន់ៗរួមមាន ការបង្កើតកម្មវិធី បណ្ឌិតផ្នែក សុខភាព សាធារណៈ និងមជ្ឈមណ្ឌលស្រាវជ្រាវអំពីសុខភាព និងការគាំទ្រគោលនយោបាយ ព្រមទាំងការពង្រឹងសមត្ថភាព លើ ការវិភាគ គោលនយោបាយ ការវិភាគទិន្នន័យ ការសិក្សាស្រាវជ្រាវលើការអនុវត្ត និងការប្រើប្រាស់លទ្ធផល ស្រាវជ្រាវ ក្នុង ការ រៀប ចំ គោលនយោបាយ និងការអនុវត្តជាក់ស្តែង។
កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ បានចាប់ផ្តើមនៅឆ្នាំ១៩៩៧ ក្នុងអំឡុងពេលដែលកម្ពុជា ប្រឈមនឹងការឆ្លងរាលដាលខ្លាំងនៃមេរោគអេដស៍ តាមរយៈការគាំទ្រគ្លីនិកព្យាបាលជំងឺកាមរោគនៅខេត្តព្រះសីហនុ ដើម្បីចូលរួមអនុវត្តន៍សាកល្បងកម្មវិធីប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ។ បន្ទាប់មកតាមរយៈគម្រោងគាំទ្រ ពីវិទ្យាស្ថានវេជ្ជសាស្ត្រ ត្រូពិកអង់វែប (ITM Antwerp) ដើម្បីពង្រឹងការផ្សាភ្ជាប់នៃសេវាបង្ការ ធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ ជំងឺកាមរោគ សេវាសុខភាពបន្តពូជ និងការអនុវត្តយុទ្ធសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ជួយពង្រឹង សមត្ថភាព របស់មជ្ឈមណ្ឌលជាតិក្នុងការអនុវត្តនិងវាយតម្លៃសកម្មភាពឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ ។
ដូចនេះ កិច្ចសហប្រតិបត្តិការនេះ ពិតជាបានរួមចំណែក ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដំបូងគេនៅតបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រេច គោលដៅ ៩៥-៩៥-៩៥ នៅ ឆ្នាំ២០២៥ ។
ការផ្លាស់ប្តូរបទពិសោធន៍ និងទិសដៅអនាគត ក្នុងកម្មវិធីទស្សនកិច្ចនេះ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការ និងការរួមចំណែក របស់ បែលហ្ស៊ិក ជួយពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា និងមានការចែករំលែកបទពិសោធន៍ពីអតីត និស្សិត ITM។
ការផ្លាស់ប្តូរយោបល់ក៏បានផ្តោតផងដែរលើទិសដៅអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលកម្ពុជា និងកាលានុវត្តភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងពង្រឹងវិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅគ្របដណ្តប់សេវាសុខភាពជាសកល និងការឈានទៅសម្រេចបានគោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០៕





























