អ្នកជំនាញអារ្យធម៌ខ្មែរ៖ Francophonie នៅកម្ពុជា ពីមរតកអាណានិគម មកជាអរិយធម៌សន្ដិភាព

15-11-2026 23:05

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី Francophonie លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៥-១៦ ហើយបានបើកជាផ្លូវការនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីបណ្តាមេដឹកនាំប្រទេសជាសមាជិកចំនួន៨១ មកពីជុំវិញពិភពលោក យ៉ាងអធិកអធមនិងជាទីមោទនបំផុត។

នេះគឺជាមហាព្រឹត្តិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា ដែលបានបង្ហាញពីសមភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការស្មើមុខមាត់ជាមួយបណ្ដាប្រទេសលើកពិភពលោក។ ព្រោះព្រឹត្តិការណ៍នេះ គឺជាការប្រែក្លាយពីមរតកអាណានិគម មកជាកម្លាំងចលករនៃការផ្សព្វផ្សាយវប្បធម៌ ជាស្ពានមិត្តភាពនិងការកសាងអរិយធម៌សន្តិភាព ក្រោមប្រពៃណីនៃស្នាមញញឹមរបស់ប្រជាជនកម្ពុជាដ៏ស្រស់បវរ។

​បើពោលឲ្យចំ ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី និងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron នៅកម្ពុជា ដែលយើងបានឃើញនៅរាត្រីដ៏ស្រស់ត្រកាលនាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាក្រុង និងភរិយា បានឆ្លៀតពេលដើរទស្សនាគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅសួនឧទ្យានតាមដងទន្លេចតុមុខ នៃព្រះបរមរាជវាំង រហូតដល់រូបសំណាកព្រះសង្ឃរាជ ជួន ណាត ក្នុងសម័យរាជរដ្ឋាភិបាលបន្តវេនក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរពស្រទ្បាញ់យ៉ាងកត់ក្ដៅរបស់ប្រជាជនកម្ពុជា បានធ្វើឲ្យមុខមាត់កម្ពុជារះខ្ពស់ត្រដែតទ្បើងថ្មីៗ ថែមទៀតលើឆាកអន្តរជាតិ ។

បានសេចក្ដីថា Francophonie នៅកម្ពុជាបានប្រែក្លាយពីមរតកអាណានិគម មកជាអរិយធម៌សន្ដិភាព។ ដោយហេតុថា៖

​១. ជាស្ពានមិត្តភាព, តាំងពីមរតកអាណានិគមពីឆ្នាំ១៨៦៣- ១៩៥៣ រហូតមកដល់ឆ្នាំ២០២៦ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាលើកទី១នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជា ក្នុងការកសាងស្ពានមិត្តភាពដោយស្មើភាពរវាងរដ្ឋនិងរដ្ឋ ដោយមិនស្ថិតក្រោមឥទ្ធិពលអាណានិគមទៀតឡើយ។

​២. ជាបង្គោលព្រំដែន, កម្ពុជាបានប្រើប្រាស់វេទិកានេះ ក្នុងទិសដៅយុទ្ធសាស្ត្រការទូត ដែលជាគ្រឹះច្បាប់អន្ដរជាតិដើម្បីការពារអធិបតេយ្យជាតិ ស្របតាមធម្មនុញ្ញ អ.ស.ប.។ ព្រោះមរតកអាណានិគម បានក្លាយជាវេទិកាអរិយធម៌ហ្វ្រង់កូហ្វូនីសន្ដិភាពនៅកម្ពុជា គឺកើតនៅរាជធានីភ្នំពេញនេះ មិនត្រឹមតែជាភាសា វប្បធម៌ និងសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះការពារសណ្ដាប់ធ្នាប់ពិភពលោក ដ៏មានតម្លៃបំផុតសម្រាប់គោលការណ៍ទំនាក់ទំនងអន្តរជាតិដ៏សំខាន់ និងសម្រាប់មរតកអធិបតេយ្យជាតិ។

​៣. ជាភាពចម្រុះពណ៌នៃការទូត, អរិយធម៌ហ្វ្រង់កូហ្វូនីសន្ដិភាពនៅកម្ពុជា បានវិវត្តខ្លួនពីប្លុកដែលប្រើប្រាស់ភាសាបារាំងសុទ្ធសាធ ទៅជាសហគមន៍ចំហ ភាពចម្រុះពណ៌នៃការទូតពហុភាគីនិយមមកពីគ្រប់ទ្វីប ដោយផ្តោតសំខាន់លើតម្លៃសន្តិភាព សន្តិសុខ ស្ថិរភាព ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងបច្ចេកវិទ្យា តាមរយៈវេទិកា FrancoTech និង ភូមិហ្រ្វង់កូហ្រ្វូនី Francophonie Village។

​លោក រ័ត្ន សណ្តាប់ បានបន្តថា ស្ថិតក្នុងព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនីនេះ បានបង្ហាញចេញឲ្យឃើញពីទំនាក់ទំនងដ៏សំបូរបែបរវាងកម្ពុជានិងបារាំង ចាប់តាំងពីចុងស.វ.ទី១៩ ដែលពេលនោះរាជធានីភ្នំពេញត្រូវបានរៀបចំស្ថាបត្យកម្ម និងប្លង់ទីក្រុងឡើងវិញតាមបែបអឺរ៉ុប។ ដោយមានការរៀបចំមហារុក្ខវិថីធំៗ តាមលំនាំទីក្រុងប៉ារីស និងការរួមបញ្ចូលវប្បធម៌យ៉ាងរស់រវើក។ ក្រោយកម្ពុជាទទួលបានឯករាជ្យ មរតកទាំងនោះមិនត្រូវបានបំផ្លិចបំផ្លាញចោលឡើយ ប៉ុន្តែត្រូវបានអភិរក្ស និងសំយោគដោយស្មារតីជាតិនិយមយ៉ាងមុតមាំ។

ជាក់ស្តែង​បច្ចុប្បន្ន បើយើងដើរកំសាន្ដនៅរាជធានីភ្នំពេញ យើងឃើញស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលរស់នៅយ៉ាងសុខដុមរមនា និងរំលេចដោយមរតកវប្បធម៌អាណានិគមទាំងនោះ មានដូចជា ស្ថាបត្យកម្មអគាររដ្ឋបាលចាស់ៗ សារមន្ទីរជាតិ, សាលមហោស្រពចតុមុខ, ប័ណ្ណសារដ្ឋានជាតិ, ផ្សារ, សាលារៀន និងផ្ទះបុរាណតាមដងទន្លេ ដែលនៅតែរក្សាសោភ័ណភាពបែបបារាំងលាយខ្មែរ ជាការទាក់ទាញដល់ភ្ញៀវទេសចរមកពីគ្រប់ទ្វីប លើសពីនេះទៀត ក៏មាននំចំណី ម្ហូបអាហារបែបប្រពៃណីអឺរ៉ុប ដូចជានំបុ័ង កាហ្វេ យ៉ាងសំបូរបែប បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដ៏រស់រវើកនិងស្រស់បំព្រងផងដែរ។

លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ហេតុនេះ ហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមរតកទាំងនេះលែងជាបន្ទុកនៃអតីតកាលទៀតហើយ ប៉ុន្តែបានប្រែរូបរាងទៅជាទ្រព្យសម្បត្តិវប្បធម៌ បង្ហាញពីភាពធន់ និងការបើកចំហរបស់កម្ពុជាក្នុងការរួមបញ្ចូលវប្បធម៌ពិភពលោក ដោយមិនបាត់បង់អត្តសញ្ញាណខ្លួនឡើយ។ កម្ពុជាបានដើរតួជាបេះដូង និងជាស្ពានចម្លងនៃអរិយធម៌ហ្វ្រង់កូហ្វូនី មកកាន់តំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្លាស់ប្តូរពហុវប្បធម៌រវាងអរិយធម៌អឺរ៉ុប អាហ្វ្រិក និងអរិយធម៌ចក្រភពខ្មែរដ៏ឧត្តុង្គឧត្តម​ និងទស្សនវិជ្ជាសន្តិភាពខ្មែរនាសម័យទំនើបនេះ។

ស្ថិតក្នុងន័យនេះ ការតាំងពិព័រណ៍ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦ នៅភូមិហ្វ្រង់កូហ្វូនី ដែលស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី ដោយបានរៀបចំដាក់តាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងរូបភាពជនភៀសសឹក និងស្នាដៃអ្នកថតរូបរបស់ជនជាតិបារាំង លោក ហ្សង់-លុច ម៉ូរ៉ូ ដេលេរីស Jean-Luc Moreau Deleris ដែលបង្ហាញពីសោកនាដកម្មនៃសកម្មភាពឈ្លានពាន និងការបាញ់បំផ្លាញដោយកងទ័ពថៃ ទាំងកំរោលនិងយ៉ាងសាហាវ ឃោរឃៅព្រៃផ្សៃកាល ពីឆ្នាំ២០២៥ ដើម្បីបញ្ជាក់ពីតឹកតាងប្រវត្តិសាស្ត្រជាក់ស្តែងដល់ភ្ញៀវអន្តរជាតិបានទស្សនានិងយល់ដឹង។

​ដូច្នេះព្រឹត្តិការណ៍នេះ បានបង្ហាញថា មរតកអាណានិគមត្រូវបានថែរក្សាដើម្បីការពារអធិបតេយ្យជាតិ ព្រមទាំងបង្ហាញពីសិល្បៈ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង។ ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងទស្សនវិជ្ជាសន្តិភាពបែបខ្មែរ បានបញ្ជាក់ឲ្យពិភពលោកឃើញថា ការទទួលយកមរតកភាសា វប្បធម៌ និងទំនាក់ទំនងអន្តរជាតិ គឺជាការបន្ថែមតម្លៃលើមរតករូបី និងអរូបីរបស់កម្ពុជាលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ៕