ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
15-11-2026 21:53
(ភ្នំពេញ)៖ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងបង្ហាញពីបំណងប្រាថ្នាចង់ឲ្យមានការពង្រឹង និងពង្រីកការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាស្តីពីលទ្ធផលជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបង្ហាញជំហររបស់ប្រធានាធិបតីបារាំងរូបនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ការពង្រីកការបង្រៀនភាសាបារាំង ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការបើកឱកាសថ្មីៗសម្រាប់យុវជនកម្ពុជាក្នុងការសិក្សា និងការងារ។
តាមរយៈការពង្រឹងភាសាបារាំង កម្ពុជានឹងអាចបន្តរក្សា និងពង្រីកចំណងមិត្តភាពដ៏រឹងមាំជាមួយបារាំង ក៏ដូចជាចូលរួមចំណែកក្នុងសហគមន៍និយាយភាសាបារាំងអន្តរជាតិ។ នេះជាជំហានវិជ្ជមានមួយក្នុងការលើកកម្ពស់វិស័យអប់រំ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។
លោក ម៉ាក្រុង ក៏បានថ្លែងគាំទ្រដល់ប្រជាជនខ្មែរក៏ដូចជាបារាំង ឬសិល្បករខ្មែរ ដែលជាស្ពានផ្សារភ្ជាប់ប្រទេសយើងទាំងពីរ។ ឃើញទេ៣៥ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស គឺចំណងមិត្តភាពរបស់យើងរវាងកម្ពុជា និងបារាំង គឺរឹងមាំជាងមុន ហើយកិច្ចសហប្រតិបត្តិការយើងកាន់តែសម្បូរបែបជាងមុនមានភាពសម្បូរបែបជាងមុន។ ហើយជាមួយមិត្តភាពរបស់យើងគឺកំណត់ទិសដៅធំៗនូវភាពជាដៃគូក្នុងកម្រិតថ្មីកាន់តែល្អថែមទៀត ហើយកម្ពុជាអាចទុកចិត្តលើមិត្តភាពរបស់បារាំងជានិច្ច៕

















