ប្រធានាធិបតីបារាំង ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ
15-11-2026 21:37
(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។
លោកប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការបង្កើតអង្គការហ្វ្រង់កូហ្វូនី ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយព្រះអង្គ និងបានសម្តែងនូវក្តីរីករាយដែលហ្វ្រង់កូហ្វូនីនឹងវិលត្រឡប់មកអាស៊ីវិញនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញារបស់បារាំងក្នុងការគាំទ្រសន្តិភាព និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចដែលបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានបើកផ្លូវឲ្យកម្ពុជាឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍ។
បារាំងបានសន្យាបន្តជួយជ្រោមជ្រែងកម្ពុជា ក្នុងដំណាក់កាលដែលកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ កសិកម្ម ឧស្សាហកម្មច្នៃប្រឌិត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង នៅឆ្នាំ២០២៦ បារាំងបានវិនិយោគជាង ៦០លានអឺរ៉ូ លើគម្រោងនិរន្តរភាព និងបានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីបញ្ញាសិប្បនិម្មិត និងសុខភាពតែមួយ។ លោក ម៉ាក្រុង បានបញ្ជាក់ថា ចំណងមិត្តភាពរវាងកម្ពុជា និងបារាំងកាន់តែរឹងមាំ និងសម្បូរបែបជាងមុន ៣៥ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកម្ពុជាអាចទុកចិត្តលើមិត្តភាពរបស់បារាំងជានិច្ច៕
















