លោកស្រីបណ្ឌិត ជា សិរី៖ នវានុវត្តន៍ហិរញ្ញវត្ថុពិតប្រាកដ ត្រូវចូលរួមដោះស្រាយបញ្ហាជាក់ស្តែង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
15-11-2026 19:34
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តម្លៃពិតប្រាកដនៃនវានុវត្តន៍ហិរញ្ញវត្ថុ គឺស្ថិតនៅលើសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ របស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់៖ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ» ក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រីបណ្ឌិត ជា សិរី បានចែករំលែកអំពីគំនិតផ្តួចផ្តើមដំបូងនៃការបង្កើតប្រព័ន្ធបាគង ដែលមានគោលបំណងជួយសម្រួលដល់ពលករចំណាកស្រុក ជាពិសេសស្ត្រី ក្នុងការផ្ទេរប្រាក់មកកាន់ក្រុមគ្រួសារប្រកបដោយសុវត្ថិភាព និងចំណាយទាប។
លោកស្រីបានបន្តថា ជាមួយគ្នានេះ ប្រព័ន្ធបាគងក៏ត្រូវបានបង្កើតឡើងដើម្បីជាមូលដ្ឋានគ្រឹះ នៃហេដ្ឋារចនាសម្ព័ន្ធទូទាត់ ដែលអាចជួយឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើប្រតិបត្តិការអន្តរធនាគារបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «តម្លៃពិតនៃនវានុវត្តន៍ហិរញ្ញវត្ថុ គឺស្ថិតនៅលើសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។
លោកស្រីបណ្ឌិត បានបន្តលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល មិនមែនមានតួនាទីត្រឹមតែសម្រួលដល់ការទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយពង្រីកលទ្ធភាពទទួលបានឥណទានរបស់ប្រជាពលរដ្ឋផងដែរ។
តាមរយៈការប្រើប្រាស់ព័ត៌មានឥណទាន និងទិន្នន័យប្រតិបត្តិការឌីជីថល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចវាយតម្លៃសមត្ថភាពរបស់អតិថិជនបានកាន់តែប្រសើរ ដែលជួយបង្កើនឱកាសទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីសារៈសំខាន់នៃការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព និងទំនុកចិត្ត។
សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពីលោក Hélder Lopes ទេសាភិបាលធនាគារកណ្តាលទីម័រឡេស្តេ និងលោកបណ្ឌិត Patrick Njoroge អតីតទេសាភិបាលធនាគារកណ្តាលកេនយ៉ា ដោយសម្របសម្រួលដោយលោកស្រី Irene Arias Hofman នាយិកាប្រតិបត្តិក្រុមហ៊ុន MIRA Capital & Technology ផងដែរ៕





