ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង រំលឹកពីភាពស្និទ្ធស្នាល និងការជឿទុកចិត្តចំពោះសម្តេចតេជោ ចាប់តាំងពីជំនួបនៅប្រទេសបារាំង កាលពីឆ្នាំ២០២២
15-11-2026 19:32
(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានសម្តែងនូវក្តីរីករាយឥតឧបមាដែលបានជួប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សារជាថ្មីម្តងទៀត ដោយលោកបានរំលឹកឡើងវិញនូវមនោសញ្ចេតនាប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្តយ៉ាងខ្លាំងចំពោះសម្តេចតេជោ ចាប់តាំងពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរនៅឯប្រទេសបារាំង កាលពីឆ្នាំ២០២២ កន្លងទៅ។
នេះបើយោងតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីជំនួបពិភាក្សាការងារមួយទល់មួយរវាង សម្តេចតេជោ ហ៊ុន សែន និង លោក អេម៉ានុយអែល ម៉ាក្រុង នៅវិមានសាមគ្គីភាព នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងឱកាសដែលប្រធានាធិបតីបារាំង អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ក្នុងជំនួបនោះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានរំលឹកថា កាលពីឆ្នាំ២០២២ នៅពេលដែលលោកបានជួបជាមួយសម្តេចតេជោនៅប្រទេសបារាំង លោកមានអារម្មណ៍ពោរពេញដោយមនោសញ្ចេតនាប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្តចំពោះសម្តេចតេជោ។ បន្ថែមពីលើនេះ លោកប្រធានាធិបតីបារាំង ក៏បានលើកឡើងទាក់ទងនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ដោយលោកបានរំលេចថា អង្គការអន្តរជាតិមួយនេះ គឺមានការចូលរួមពី «ព្រះបរមរតនកោដ្ឋ» ដែលជាបិតាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនីផងដែរ។
ជាការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ជាពិសេសគឺ «៦០ឆ្នាំក្រោយ» នៃដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល (Charles de Gaulle)។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា សកម្មភាពរបស់លោកប្រធានាធិបតីបារាំង ពេលមកដល់កម្ពុជា ដូចជាការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ និងការដើរទស្សនាកម្សាន្តនៅមាត់ទន្លេ និងតាមដងផ្លូវមុខព្រះបរមរាជវាំងនាពេលយប់ជាមួយលោកជំទាវស្ត្រីទី១ បានទទួលការចាប់អារម្មណ៍ និងធ្វើឱ្យប្រជាជនកម្ពុជាមានការរំភើបយ៉ាងខ្លាំង ដែលបង្ហាញពីការស្រឡាញ់ និងការជឿជាក់របស់ប្រជាជនខ្មែរចំពោះប្រទេសបារាំង និងលោកប្រធានាធិបតី។
អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងបន្ថែមថា នៅក្នុងជំនួបដ៏រលូន និងប្រកបដោយផ្លែផ្កានេះ សម្តេចតេជោ ហ៊ុន សែន និង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបច្ចេកវិទ្យា ព្រមទាំងបានពិភាក្សាចែករំលែកទស្សនៈលើបញ្ហាមួយចំនួន ដែលភាគីទាំងពីរកំពុងយកចិត្តទុកដាក់ផងដែរ៕









