ភូមិហ្រ្វង់កូហ្វូនី បង្ហាញភាពសម្បូរបែបនៃម្ហូបអាហារ និងវប្បធម៌ ដើម្បីពង្រឹងការផ្លាស់ប្តូររវាងប្រទេសជាសមាជិក
15-11-2026 18:56
ភ្នំពេញ)៖ បរិយាកាសនៅក្នុងភូមិហ្រ្វង់កូហ្វូនី កាន់តែមានភាពរស់រវើក តាមរយៈការតាំងបង្ហាញម្ហូបអាហារចម្រុះ ដែលជាផ្នែកមួយនៃសកម្មភាពវប្បធម៌ ដើម្បីបង្ហាញពីអត្តសញ្ញាណ ប្រពៃណី និងភាពសម្បូរបែបនៃម្ហូបអាហាររបស់ប្រទេសនានា។
នៅតាមស្តង់តាំងបង្ហាញ អ្នកចូលរួមមានឱកាសទស្សនា ស្វែងយល់ និងភ្លក់រសជាតិម្ហូបអាហារជាច្រើនប្រភេទ ជាពិសេសម្ហូបប្រពៃណីខ្មែរ ដែលមានរសជាតិប្លែក និងបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា។
ក្រៅពីការបង្ហាញរសជាតិម្ហូបអាហារ សកម្មភាពនេះក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់អ្នកចូលរួម និងភ្ញៀវអន្តរជាតិ ក្នុងការស្វែងយល់ពីប្រភពដើម គ្រឿងផ្សំ វិធីចម្អិន និងតម្លៃវប្បធម៌ដែលបានបង្កប់នៅក្នុងម្ហូបអាហាររបស់ប្រទេសនីមួយៗ។
ម្ហូបអាហារ មិនត្រឹមតែជាតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃមរតកវប្បធម៌ ដែលអាចបង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្ស តាមរយៈការចែករំលែករសជាតិ និងបទពិសោធន៍ពីគ្នាទៅវិញទៅមក។
សូមជម្រាបដែរថា ការតាំងបង្ហាញម្ហូបអាហារនៅក្នុងភូមិហ្រ្វង់កូហ្វូនី បានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីភាពចម្រុះនៃវប្បធម៌ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហាររបស់កម្ពុជា និងប្រទេសជាសមាជិកហ្រ្វង់កូហ្វូនីទៅកាន់សាធារណជនកាន់តែទូលំទូលាយ៕



































