សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន (Video inside)
15-11-2026 18:46
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីមហិច្ឆតាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជា «ស្ពាន FinTech» និងជាវេទិកាកណ្តាលដ៏សំខាន់មួយ ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) និងតំបន់អាស៊ាន។
ការប្រកាសពីទស្សនវិស័យសេដ្ឋកិច្ចឌីជីថលដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត អញ្ជើញជាអធិបតីបើកជាផ្លូវការនូវព្រឹត្តិការណ៍ «ហ្វ្រង់កូតិច២០២៦ (FrancoTech 2026)» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អ្នកចូលរួមជាង ៥,០០០នាក់ មកពីជាង ៥០ប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់កម្ពុជាក្នុងការតភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងតំបន់ទាំងពីរយ៉ាងដូច្នេះថា៖ «កម្ពុជាចង់ក្លាយជាស្ពាន FinTech។ កម្ពុជាចង់ភ្ជាប់ប្រព័ន្ធ FinTech នៃបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ាន។ កម្ពុជាអាចក្លាយជាវេទិកាកណ្តាលមួយ។ សហគ្រាស និងអ្នកច្នៃប្រឌិតពីបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ាន អាចសាកល្បងដំណោះស្រាយរបស់ពួកគេនៅទីនេះ»។
សម្តេចធិបតីបានបន្ថែមថា ដើម្បីជំរុញគម្រោងដ៏មានសក្តានុពលនេះឱ្យក្លាយជាការពិត កម្ពុជាមានមោទនភាពក្នុងការរៀបចំកិច្ចប្រជុំកំពូល «Black Swan» នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 នេះផ្ទាល់ ដោយមានការដាក់តាំងបង្ហាញស្តង់របស់ក្រុមហ៊ុន FinTech ជាច្រើន សម្រាប់ឱ្យវិនិយោគិន និងសហគ្រិនបានទស្សនា និងស្វែងរកដៃគូសហការ។
ទន្ទឹមនឹងការបើកចំហទីផ្សារ FinTech នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចពីមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំរបស់កម្ពុជា ដោយបានលើកយកប្រព័ន្ធទូទាត់ឌីជីថល «បាគង» របស់ធនាគារជាតិនៃកម្ពុជា ដែលយកឈ្មោះតាមប្រាសាទបាគងនៅអង្គរ ដើម្បីបង្ហាញថាប្រព័ន្ធឌីជីថលសាធារណៈរបស់កម្ពុជាត្រូវបានកសាងឡើងដើម្បីភាពរឹងមាំ បើកចំហ ស្ថិតស្ថេរ និងបម្រើដល់មនុស្សគ្រប់គ្នា។ លើសពីនេះ កម្ពុជាក៏មានវេទិកាផ្ទៀងផ្ទាត់ឯកសារផ្លូវការ «Verify.gov.kh» ដែលទើបទទួលបានពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ២០២៦ និងកំពុងត្រូវបានចែករំលែកទៅកាន់ដៃគូក្នុងតំបន់ ដូចជាទីម័រខាងកើត ហ្វីលីពីន និងឡាវ ផងដែរ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍សហគ្រិន និងវិនិយោគិនអន្តរជាតិដោយមាន «ជំនឿបីយ៉ាង» គឺ៖ ទី១. បច្ចេកវិទ្យាឌីជីថលត្រូវតែសម្រាប់មនុស្សគ្រប់គ្នា ជួយកសិករ ក្រុមហ៊ុន Start-up និងលើកកម្ពស់សហគ្រិនវ័យក្មេង និងស្ត្រី; ទី២. ការច្នៃប្រឌិតត្រូវតែមានច្បាប់ ដោយប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែចូលរួមបង្កើតច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាថា AI បម្រើមនុស្សជាតិ ការពារឯកជនភាព និងគោរពភាសា-វប្បធម៌ និងទី៣. គំនិតល្អត្រូវការហិរញ្ញប្បទាន ដោយជំរុញឱ្យសហគ្រិន និងវិនិយោគិនបំប្លែងកិច្ចប្រជុំអាជីវកម្មនៅភ្នំពេញ ទៅជាគម្រោងភាពជាដៃគូជាក់ស្តែងរវាងប្រទេសនិយាយភាសាបារាំង និងអាស៊ីអាគ្នេយ៍៕

















































