រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ កម្ពុជាដាក់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថលឱ្យបាន១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ
15-11-2026 18:28
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវផែនទីបង្ហាញផ្លូវជំនាញឌីជីថល ដោយកំណត់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថលឱ្យបានយ៉ាងហោចណាស់ ១០ម៉ឺននាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើបរិវត្តកម្មឌីជីថល និងការជំរុញកំណើនសេដ្ឋកិច្ចឌីជីថលជាតិ។
ការបង្ហាញពីទិសដៅយុទ្ធសាស្ត្រក្នុងការកសាងមូលធនមនុស្សឌីជីថលនេះ ត្រូវបានធ្វើឡើងដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងសុន្ទរកថាគន្លឹះនៃវេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី «រដ្ឋាភិបាលឌីជីថល» ក្រោមប្រធានបទ «ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាប័ន្ន និងផ្ដោតលើប្រជាពលរដ្ឋ» ក្នុងព្រឹត្តិការណ៍ FrancoTech 2026 នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាមិនអាចជំរុញការផ្លាស់ប្តូរបានឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានជំនាញច្បាស់លាស់។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងវិនិយោគយ៉ាងសកម្មលើការផ្តល់អាហារូបករណ៍ កម្មវិធីកម្ចីនិស្សិតគ្មានការប្រាក់ ការបង្កើតថ្នាក់រៀនឌីជីថល និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ព្រមទាំងគាំទ្រសាកលវិទ្យាល័យនានាក្នុងការធ្វើទំនើបកម្មកម្មវិធីសិក្សាឌីជីថលផងដែរ។
លោក ជា វ៉ាន់ដេត បានសង្កត់ធ្ងន់បន្ថែមថា ការអភិវឌ្ឍតែអ្នកជំនាញឌីជីថលកម្រិតខ្ពស់តែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែកម្ពុជាក៏ត្រូវបំពាក់បំប៉នជំនាញឌីជីថលជាមូលដ្ឋានដល់មន្ត្រីរាជការ គ្រូបង្រៀន សហគ្រិន និងប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យពួកគេមានសមត្ថភាពចូលរួមពេញលេញក្នុងសេដ្ឋកិច្ចឌីជីថល។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងជឿថា ការវិនិយោគលើមនុស្សគឺមានសារៈសំខាន់ដូចការវិនិយោគលើបច្ចេកវិទ្យាដែរ ព្រោះមនុស្សគឺជាកម្លាំងជំរុញនៅពីក្រោយការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ»។
គួរជម្រាបជូនថា ក្រៅពីការកសាងមូលធនមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏កំពុងអភិវឌ្ឍ «ឧទ្យានឌីជីថលទំហំ ១០០ ហិកតា» ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឌីជីថលក្នុងតំបន់ សំដៅផ្សារភ្ជាប់ការអភិវឌ្ឍទេពកោសល្យរបស់យុវជន ទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងទីផ្សារការងារនាពេលអនាគត៕
