FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាកំពុងអភិវឌ្ឍ «ឧទ្យានឌីជីថលទំហំ ១០០ហិកតា» ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលឌីជីថលក្នុងតំបន់ សម្រាប់គាំទ្រក្រុមហ៊ុន Startup, ការស្រាវជ្រាវ និងការវិនិយោគ

15-11-2026 18:22

(ភ្នំពេញ)៖ កម្ពុជាកំពុងដំណើរការអភិវឌ្ឍគម្រោង «ឧទ្យានឌីជីថលទំហំ ១០០ ហិកតា» ដើម្បីដាក់ប្រទេសជាមជ្ឈមណ្ឌលឌីជីថលដ៏សំខាន់មួយនៅក្នុងតំបន់ សម្រាប់គាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី (Startup) នវានុវត្តន៍ ការអប់រំឌីជីថល ការស្រាវជ្រាវ និងការវិនិយោគ ស្របពេលដែលកម្ពុជាក៏កំពុងសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដើម្បីជំរុញការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យជាតិផងដែរ។

ការបង្ហាញពីគម្រោងយុទ្ធសាស្ត្រក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថលនេះ ត្រូវបានធ្វើឡើងដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងសុន្ទរកថាគន្លឹះនៃវេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី «រដ្ឋាភិបាលឌីជីថល» ក្រោមប្រធានបទ «ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាប័ន្ន និងផ្ដោតលើប្រជាពលរដ្ឋ» ក្នុងព្រឹត្តិការណ៍ FrancoTech 2026 នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថល គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមវិស័យអាទិភាពទាំង៦ របស់កម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនៃឧទ្យានឌីជីថលទំហំ ១០០ ហិកតា នេះ នឹងជួយផ្សារភ្ជាប់ការអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យារបស់យុវជន ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងទីផ្សារការងារ។

ទន្ទឹមនឹងការកសាងឧទ្យានឌីជីថលនេះ លោករដ្ឋមន្រ្តី បានឱ្យដឹងបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) កម្ពុជាកំពុងជំរុញការបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យជាតិ» ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់ការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចឌីជីថល។

គួរជម្រាបជូនថា ក្រៅពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់អាហារូបករណ៍ កម្ចីនិស្សិតគ្មានការប្រាក់ ថ្នាក់រៀនឌីជីថល និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដោយដាក់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថលឱ្យបានយ៉ាងហោចណាស់ ១០ម៉ឺននាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ឧទ្យានឌីជីថល និងសេដ្ឋកិច្ចឌីជីថលកម្ពុជាទាំងមូល៕