កម្ពុជាក្លាយជាអ្នកផ្តល់ដំណោះស្រាយឌីជីថលក្នុងតំបន់ តាមរយៈប្រព័ន្ធ Verify.gov.kh ខណៈទីម័រខាងកើត និងហ្វីលីពីន យកទៅប្រើប្រាស់សម្រាប់ប្រព័ន្ធប័ណ្ណបើកបរ និងអត្តសញ្ញាណឌីជីថលជាតិ
15-11-2026 18:21
(ភ្នំពេញ)៖ កម្ពុជាបានបោះជំហានថ្មីមួយទៀតក្នុងវិស័យបច្ចេកវិទ្យា ដោយក្លាយជាប្រទេសអ្នកច្នៃប្រឌិត និងអ្នកផ្តល់ដំណោះស្រាយឌីជីថលក្នុងតំបន់ តាមរយៈវេទិកាផ្ទៀងផ្ទាត់ឯកសារផ្លូវការ «Verify.gov.kh» ដែលបច្ចុប្បន្នត្រូវបានប្រទេសទីម័រខាងកើត និងប្រទេសហ្វីលីពីន យកទៅអនុម័ត និងដាក់ពង្រាយការប្រើប្រាស់សម្រាប់ប្រព័ន្ធប័ណ្ណបើកបរ និងប្រព័ន្ធអត្តសញ្ញាណឌីជីថលជាតិរបស់ពួកគេ។
ការបង្ហាញពីមោទនភាពជាតិលើវិស័យឌីជីថលនេះ ត្រូវបានធ្វើឡើងដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងសុន្ទរកថាគន្លឹះនៃវេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី «រដ្ឋាភិបាលឌីជីថល» ក្រោមប្រធានបទ «ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាប័ន្ន និងផ្ដោតលើប្រជាពលរដ្ឋ» ក្នុងព្រឹត្តិការណ៍ FrancoTech 2026 នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកា «Verify.gov.kh» គឺជាសមិទ្ធផលដ៏សំខាន់បំផុតមួយនៃការកសាងរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា ដែលបានទទួលពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ (UN Public Service Award) ដ៏មានកិត្យានុភាពក្នុងឆ្នាំ២០២៦ នេះ។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ វេទិកានេះត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួង និងស្ថាប័នសាធារណៈចំនួន៣៨ ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៧៧ ដោយបានគាំទ្រដល់ការផ្ទៀងផ្ទាត់ឯកសារសរុបប្រមាណ ១២លានឯកសារ រួចមកហើយ។
លោក ជា វ៉ាន់ដេត បានពន្យល់ថា Verify.gov.kh បានបង្ហាញពីរបៀបដែលបច្ចេកវិទ្យាអាចសម្រួលនីតិវិធីរដ្ឋបាល កាត់បន្ថយពេលវេលាផ្ទៀងផ្ទាត់ ការពារការក្លែងបន្លំឯកសារ និងពង្រឹងទំនុកចិត្តសាធារណៈ ដោយលក្ខណៈពិសេសប្លែករបស់វា គឺឯកសារអាចត្រូវបានផ្ទៀងផ្ទាត់ដោយមិនតម្រូវឱ្យមានការចូលប្រើប្រាស់ជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានទិន្នន័យរបស់ស្ថាប័នចេញផ្សាយនោះទេ។
ទន្ទឹមនឹងជោគជ័យក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទីម័រខាងកើត បានអនុម័តយកបច្ចេកវិទ្យា Verify.gov.kh របស់កម្ពុជានេះ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប័ណ្ណបើកបររបស់ខ្លួន ខណៈដែល ប្រទេសហ្វីលីពីន ក៏បានដាក់ពង្រាយស្ថាបត្យកម្មដែលផ្អែកលើ Verify.gov.kh សម្រាប់ប្រព័ន្ធអត្តសញ្ញាណឌីជីថលជាតិរបស់ខ្លួនផងដែរ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអត្ថន័យនៃសមិទ្ធផលនេះថា៖ «បទពិសោធន៍ទាំងនេះបង្ហាញមេរៀនដ៏សំខាន់មួយ៖ ប្រទេសកំពុងអភិវឌ្ឍន៍អាចក្លាយជាមិនត្រឹមតែអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកច្នៃប្រឌិត និងអ្នកផ្តល់ដំណោះស្រាយឌីជីថលផងដែរ» ។
លោករដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យបន្តទៀតថា កម្ពុជានឹងអភិវឌ្ឍ Verify.gov.kh ឱ្យក្លាយទៅជាវេទិកាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពហុបំណង ដែលអាចគាំទ្រដល់អត្តសញ្ញាណឌីជីថល កាបូបឌីជីថល ការផ្លាស់ប្តូរទិន្នន័យប្រកបដោយសុវត្ថិភាព និងសេវាស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) ស្របពេលដែលកម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់កម្មវិធី «DG SuperApp» ដែលជាច្រកទ្វារបង្រួបបង្រួមទៅកាន់សេវារដ្ឋាភិបាលឌីជីថល និងបញ្ញាសិប្បនិម្មិតភាសាខ្មែរផងដែរ៕
