លោកស្រីបណ្ឌិត ជា សិរី៖ ការកសាងទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះមុនការនាំយកបច្ចេកវិទ្យា មកអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា
15-11-2026 16:56
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការកសាងទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ មុននឹងនាំយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
លោកស្រីបណ្ឌិតបានបន្ថែមថា ការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ មិនគួរត្រូវបានវាស់វែងត្រឹមតែទំហំទឹកប្រាក់ ដែលចរាចរនោះទេ ប៉ុន្តែត្រូវផ្អែកលើចំនួនប្រជាពលរដ្ឋ ដែលអាចទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងបែបនេះ របស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិត ជា សិរី អញ្ជើញបើកជាផ្លូវការនៃវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia 2026 រៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋាភិបាល អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាតិ និងអន្តរជាតិ។
លោកស្រីបណ្ឌិត ជា សិរី បានរំលេចពីដំណើរវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលចាប់ផ្តើមពីការកសាងទំនុកចិត្តជាមុនសិន មុននឹងឈានទៅប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ជាក់ស្តែង កម្ពុជាបានបង្កើតការិយាល័យឥណទានកម្ពុជា (CBC) ក្នុងឆ្នាំ២០១២ ដើម្បីជួយឱ្យប្រជាពលរដ្ឋ និងអាជីវករខ្នាតតូចអាចកសាងប្រវត្តិឥណទាន ដែលជាមូលដ្ឋានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការវាយតម្លៃ និងផ្តល់ឥណទានប្រកបដោយទំនុកចិត្ត។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបានបន្តអភិវឌ្ឍប្រព័ន្ធទូទាត់បាគង (Bakong) ដែលជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសំខាន់សម្រាប់តភ្ជាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់។ បច្ចុប្បន្នប្រព័ន្ធបាគងមានការតភ្ជាប់គណនីប្រមាណ៣៨លានគណនី ក្នុងប្រទេសដែលមានប្រជាជនប្រមាណ១៧លាននាក់។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ប្រព័ន្ធហិរញ្ញវត្ថុ គួរត្រូវបានវាយតម្លៃដោយផ្អែកលើចំនួនមនុស្ស ដែលអាចទទួលបានសេវាទាំងនោះប្រកបដោយប្រសិទ្ធភាព មិនមែនវាស់វែងតែលើទំហំទឹកប្រាក់ដែលត្រូវបានចរាចរនោះទេ»។
លោកស្រីបណ្ឌិតបន្តថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធទូទាត់របស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ការជំរុញបរិយាបន្នហិរញ្ញវត្ថុ នៅតែជាការងារដែលត្រូវបន្តពង្រឹង ជាពិសេសសម្រាប់ស្ត្រី គ្រួសារនៅតាមតំបន់ជនបទ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅតែត្រូវការឱកាសទទួលបានសេវាហិរញ្ញវត្ថុសមស្រប និងមានប្រសិទ្ធភាព។
ក្នុងន័យនេះ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុថ្មីរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦-២០៣០ បានដាក់ស្ត្រីជាអាទិភាព និងផ្តោតលើការវាស់វែងសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុ ជាជាងផ្តោតតែលើចំនួនអ្នកមានគណនីធនាគារប្រើប្រាស់ប៉ុណ្ណោះ៕












