បណ្ឌិត ឥន សុផល៖ កម្ពុជាទទួលបានផលចំណេញជាច្រើនពីទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទាំង៣រូប
15-11-2026 16:19
(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានបង្ហាញពីផលចំណេញ ដែលកម្ពុជា ទទួលបាននៅក្នុងឱកាសទទួល ប្រធានាធិបតីបារាំង ចំនួន៣រូប មកកាន់ប្រទេសកម្ពុជា នាអតីតកាល និងបច្ចុប្បន្នដូចតទៅ៖
១.លោក Charles de Gaulle ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៦៖
-ផលប្រយោជន៍នយោបាយ៖ បារាំងផ្តល់ការគាំទ្រជាសាធារណៈដល់ជម្រើសនយោបាយអព្យាក្រឹតរបស់កម្ពុជា ដើម្បីទប់ស្តាត់ការរាលដាលនៃសង្គ្រាមវៀតណាមចូលមកកម្ពុជា។
-ផលប្រយោជន៍សេដ្ឋកិច្ច៖ ទស្សនកិច្ចពង្រឹងទំនាក់ទំនងដែលមានគម្រោងធំៗ គឺកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងនោះបានកំណត់ឥណទាន និងជំនួយសរុប ១៦០ លានហ្វ្រង់បារាំង សម្រាប់រួមចំណែកដល់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ សាងសង់ផ្លូវដែកភ្នំពេញ–ក្រុងព្រះសីហនុ និងគម្រោងទំនប់វារីអគ្គិសនីព្រែកត្នោត។
នៅទសវត្សរ៍១៩៦០ កម្ពុជាជាគ្រាប់គុជនៅអាស៊ីអាគ្នេយ៍ គឺជាប្រទេសអ្នកមាន សូម្បីតែព្រលានយន្តហោះអន្តរជាតិសិង្ហបុរី ក៏វិស្វករខ្មែរទៅសាងសង់ឱ្យដែរ។ ប៉ុន្តែគួរឱ្យស្តាយនយោបាយអព្យាក្រឹតរបស់កម្ពុជា បានប្រែពណ៌ទៅជាស៊ីជម្ពូ រួចក៏លង់ខ្លួនទៅក្នុងសង្គ្រាមវៀតណាម រលាយគ្មានសល់។
២.លោក François Mitterrand ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៣៖
-ផលប្រយោជន៍នយោបាយ៖ គាំទ្រដំណើរការសន្តិភាពនៅពេលការអនុវត្តកំពុងប្រឈមនឹងឧបសគ្គ លោក មីតេរ៉ង់ មកកម្ពុជាក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមុនការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣។ លោកបានអំពាវនាវឱ្យខ្មែររួបរួមគ្នា បញ្ជាក់ការគាំទ្រដល់ដំណើរការសន្តិភាពរបស់ UNTAC និងលើកតួនាទីរបស់សម្តេច នរោត្តម សីហនុ ក្នុងការប្រមូលផ្តុំភាគីខ្មែរ និងបានចុះកិច្ចព្រមព្រៀងស្តារការបណ្តុះបណ្តាលវេជ្ជសាស្ត្ររបស់កម្ពុជា។
-ផលប្រយោជន៍ស្តារសេដ្ឋកិច្ច និងបេតិកភណ្ឌ៖ បន្តការងារមុនទស្សនកិច្ច និងពង្រឹងការគាំទ្រអន្តរជាតិ។លោក មីតេរ៉ង់ មកដល់ បារាំងបានផ្តល់ជំនួយសម្រាប់ប្រព័ន្ធចម្រោះទឹកនៅភ្នំពេញ ការស្តារមន្ទីរពេទ្យកាល់ម៉ែត និងជំនួយបន្ទាន់ដល់ផ្លូវដែកកម្ពុជា។
នៅខែតុលា ឆ្នាំ១៩៩៣ សន្និសីទអន្តររដ្ឋាភិបាលនៅតូក្យូបានបង្កើត គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ ដោយមានបារាំង និងជប៉ុនជាសហប្រធាន និង UNESCO ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍។
៣. លោក Emmanuel Macron ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖
-ផលប្រយោជន៍នយោបាយ៖ កម្ពុជាមានលំហចរចាជាមួយបារាំង និងអាចបន្តប្រមូលដៃគូតាមរយៈហ្វ្រង់កូហ្វូនីដំណើរទស្សនកិច្ចគឺការបើកឱកាសឱ្យកម្ពុជាពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំបារាំងអំពីអាទិភាពទ្វេភាគីជាច្រើនវិស័យ។
ពេលនេះកម្ពុជា ក្លាយជាប្រធានហ្វ្រង់កូហ្វូនី យោងតាមមាត្រា៣ នៃធម្មនុញ្ញហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះកាន់តួនាទីជា ប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់កិច្ចប្រជុំកំពូលបន្ទាប់ ដែលជាធម្មតាមានចន្លោះពីរឆ្នាំ។ អំណាចសំខាន់របស់ប្រធានកិច្ចប្រជុំកំពូលគឺការដឹកនាំការពិភាក្សា និងការកសាងការគាំទ្រពីសមាជិក ឱកាសពង្រីកកិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ចទូលំទូលាយ។
-ផលប្រយោជន៍សេដ្ឋកិច្ច៖ លោក ម៉ាក្រុង បានបង្ហាញបំណងពង្រីកទីផ្សារសម្រាប់ធុរកិច្ចបារាំងនៅកម្ពុជា។ ចំណែកកម្ពុជា អាចប្រើចំណាប់អារម្មណ៍នោះដើម្បីចរចាឱ្យគម្រោងនាំមកនូវការងារជំនាញ ការផ្ទេរបច្ចេកវិទ្យា ឬការទិញពីអ្នកផ្គត់ផ្គង់ក្នុងស្រុក។
តាមទិន្នន័យរតនាគារបារាំង ពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរមានតម្លៃប្រមាណ ១.៧៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៥ កើន ១៧.៥% ធៀបនឹងឆ្នាំ២០២៤។ តួលេខនេះជាមូលដ្ឋានសម្រាប់វាស់ការរីកចម្រើនក្រោយទស្សនកិច្ច។ បារាំងមានវត្តមានក្នុងវិស័យដឹកជញ្ជូន ថាមពល កសិកម្មនិងអាហារ ទេសចរណ៍ សុខាភិបាល និងហិរញ្ញវត្ថុ។ ដូច្នេះ គុណប្រយោជន៍សម្រាប់កម្ពុជាអាចកើតឡើងតាមរយៈការកែច្នៃផលិតផលក្នុងស្រុក ការកែលម្អស្តង់ដារគុណភាព ការបង្កើតការងារជំនាញ និងការភ្ជាប់សហគ្រាសខ្មែរជាមួយអ្នកទិញ ឬអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាបារាំង។
-ហិរញ្ញប្បទានអភិវឌ្ឍន៍៖ មានមូលដ្ឋានស្រាប់សម្រាប់ជំរុញគម្រោងថ្មី យោងតាមក្រសួងការបរទេសបារាំងរាយការណ៍ថា ក្រុមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ បានសន្យាផ្តល់ហិរញ្ញប្បទានសរុបជាង ១.៣ ពាន់លានអឺរ៉ូ លើវិស័យដូចជា ទឹក អនាម័យ ថាមពល កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
-ផលប្រយោជន៍បេតិកភណ្ឌ៖ មេបុណ្យខាងលិចបង្ហាញអត្ថប្រយោជន៍នៃការសហការរយៈពេលវែងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចមានតម្លៃប្រមាណ ៦លានអឺរ៉ូ។ ការចូលរួមរបស់បារាំងចាប់ផ្តើមនៅឆ្នាំ២០១២ តាមសំណើរបស់អាជ្ញាធរកម្ពុជា និងក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា៕




