FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទពិសោធរបស់សាលាក្តីខ្មែរក្រហម ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្ម ក្នុងប្រល័យពូជសាសន៍ ត្រូវបានលើកយកមកពិភាក្សា ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

15-11-2026 14:47

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្តីពី «កម្ពុជា ជាគំរូប្រកបដោយនវានុវត្តន៍ដល់យុត្តិធម៌អន្តរកាល៖ តើបទពិសោធរបស់កម្ពុជាអាចបំផុសគំនិតដល់យុត្តិធម៌អន្តរជាតិនាពេលអនាគតបានយ៉ាងដូចម្តេច?»។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅភូមិហ្វ្រង់កូហ្វូនី ក្នុងសាលសន្និសីទនៃឧទ្យានវត្តបទុមវតី រាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីបង្ហាញពីតួនាទី និងការរួមចំណែករបស់ អ.វ.ត.ក. ចំពោះការអភិវឌ្ឍយុត្តិធម៌អន្តរជាតិ តាមរយៈការចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ កិច្ចពិភាក្សានេះក៏បានឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពផងដែរ។ វាគ្មិនចំនួនប្រាំរូបបានចូលរួមផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗចំនួនបី រួមមាន លក្ខណៈពិសេសនៃគំរូតុលាការរបស់ អ.វ.ត.ក. ការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការយុត្តិធម៌ និងតួនាទី កេរដំណែលបច្ចុប្បន្នរបស់ អ.វ.ត.ក.។

តាមរយៈកិច្ចពិភាក្សានេះ បទពិសោធរបស់ អ.វ.ត.ក. បានក្លាយជាប្រធានបទសម្រាប់ការផ្លាស់ប្តូរយោបល់អំពីតួនាទីរបស់តុលាការកូនកាត់ ការចូលរួមរបស់ជនរងគ្រោះ និងការថែរក្សាកេរដំណែលយុត្តិធម៌។

កិច្ចពិភាក្សានេះក៏បានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរវាងការស្វែងរកយុត្តិធម៌ ការចងចាំប្រវត្តិសាស្ត្រ ការអប់រំ និងការកសាងសន្តិភាពយូរអង្វែង។

ជារួម កេរដំណែលរបស់ អ.វ.ត.ក. មិនត្រឹមតែស្ថិតនៅក្នុងសេចក្តីសម្រេចរបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងការផ្តល់សំឡេងដល់ជនរងគ្រោះ ការទទួលស្គាល់ការឈឺចាប់របស់ពួកគេ ការរក្សាការចងចាំប្រវត្តិសាស្ត្រ និងការចែករំលែកមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ និងសហគមន៍អន្តរជាតិផងដែរ៕