ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្តេចមហាបវរធិបតី អញ្ជើញក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ
14-11-2026 23:09
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា និង លោក Khaled EI-Enany អគ្គនាយកអង្គការយូណេស្កូ រួមទាំងផ្ញើកិត្តិយសជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅសារៈមន្ទីរជាតិកម្ពុជា។
ជាកិច្ចចាប់ផ្តើមមានពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របាំជូនពរ ដោយក្រុមសិល្បៈសាលាជាតិវិចិត្រសិល្បៈ និងមានសុន្ទរកថាស្វាគមន៍ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា រួមទាំងលោក Khaled EI-Enany អគ្គនាយកអង្គការយូណេស្កូ។
នាឳកាសនោះក៏មានមតិសំណេះសំណាលដោយផ្ទាល់ពី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។មុននឹងបញ្ចប់កម្មវិធីមានការថតរូបអនុស្សាវរីយ៍ និងពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍ខួបអនុស្សាវរីយ៍៧៥ឆ្នាំកម្ពុជា-យូណេស្កូ ។ជាមួយគ្នាគណៈអធិបតីអញ្ជើញទស្សនាពិព័រណ៍។
សូមជម្រាបថានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ កម្ពុជាបានក្លាយជាសមាជិកអង្គការយូណេស្កូ ហើយការចូលជាសមាជិកនេះបានបញ្ជាក់ពីឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកកសាងពិភពលោកមួយដែលផ្អែកលើសន្តិភាព ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។
ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងបានឆ្លងកាត់ដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រជាតិ។ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញ ការការពារបេតិកភណ្ឌរបស់យើង និងការអភិវឌ្ឍស្ថាប័នជាតិ។ ប្រវត្តិសាស្ត្រនេះ គឺជាប្រវត្តិសាស្ត្រនៃភាពជាដៃគូអន្តរជាតិ ប៉ុន្តែក៏ជាប្រវត្តិសាស្ត្រនៃភាពធន់ និងការរស់ឡើងវិញនៃវប្បធម៌របស់ប្រជាជនកម្ពុជាផងដែរ។
នៅឆ្នាំ១៩៩២ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ តាមរយៈសាមគ្គីភាពអន្តរជាតិ និងការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្សអង្គរ
កម្ពុជាបានចាប់ផ្ដើមអនុវត្តកម្មវិធីដ៏ទូលំទូលាយមួយ ដើម្បីការពារ និងជួសជុលអភិរក្សបេតិកភណ្ឌដ៏វិសេសវិសាលនេះ។ កិច្ចសហប្រតិបត្តិការនេះបានបន្តភាពរឹងមាំ និងដែលបាននាំទៅដល់ការចុះបញ្ជីប្រាសាទព្រះវិហារ
នៅឆ្នាំ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ ប្រាសាទកោះកេរនៅឆ្នាំ២០២៣ និងបូជនីយដ្ឋាននៃការចងចាំនៅឆ្នាំ២០២៥ ដែលរួមមាន អតីតពន្ធនាគារ M-13 សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
«សមិទ្ធផលទាំងនេះបានបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការថែរក្សាតម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌទាំងនេះ ។កិច្ចសហប្រតិបត្តិការរបស់យើង ក៏បានពង្រីកទៅដល់ការការពារបេតិកភណ្ឌវប្បធម៌អរូបី ការបន្តផ្ទេរចំណេះដឹង និងជំនាញប្រពៃណី ព្រមទាំងការលើកកម្ពស់បេតិកភណ្ឌឯកសារ និងស្មារតីនៃការចងចាំរួមរបស់យើងផងដែរ។ សម្រាប់កម្ពុជា បេតិកភណ្ឌមិនត្រឹមតែមានវិសាលភាពនៅក្នុងសំណង់ប្រាសាទថ្មប៉ុណ្ណោះទេ។ បេតិកភណ្ឌក៏មានជីវិតរស់រវើកនៅក្នុងប្រពៃណី តន្ត្រី របាំ សិល្បៈ និងការប្រតិបត្តិប្រចាំថ្ងៃរបស់យើងខ្ញុំ
ផងដែរ»។ នេះបើតាមការគូសរម្លឹករបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា៕










































