ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារ ជាមួយទីប្រឹក្សារបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
14-11-2026 22:53
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Zaki Anwar Nusseibeh ទីប្រឹក្សាទទួលបន្ទុកកិច្ចការវប្បធម៌ របស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ក្នុងឱកាសដែលលោកក្នុងនាមតំណាងប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម អញ្ជើញដឹកនាំប្រតិភូ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានថ្លែង ប្រាប់ទីប្រឹក្សារបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឱ្យកម្ពុជាគ្មានជម្លោះជាតិសាសន៍ សាសនា និងការរើសអើងនោះឡើយ។ ទន្ទឹមគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះបច្ចុប្បន្នកម្ពុជា មានការសាងសង់ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ព្រលានយន្តហោះ កំពង់ផែកម្រិតអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត និងបានលើកឡើងពី វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យអេមីរ៉ាត់អារ៉ាប់រួម មកសិក្សាលទ្ធភាពវិនិយោគលើវិស័យឧស្សាហ កម្មហាឡាលនៅកម្ពុជា និងវិស័យអាទិភាពនានាផងដែរ ដើម្បីជាផលប្រយោជន៍រួម ខណៈកម្ពុជាសម្បូរវត្ថុធាតុដើម និងមានតម្លៃពលកម្មទាបផងដែរ។
ជាការឆ្លើយតប លោក Zaki Anwar Nusseibeh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេស។ លោកបានបង្ហាញការគាំទ្រ និងទទួលយកសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដោយបញ្ជាក់ថា នឹងពាំនាំនូវព័ត៌មាន និងសក្តានុពលវិនិយោគទាំងនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំ និងវិស័យឯកជនរបស់អេមីរ៉ាតអារ៉ាប់រួម ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្មហាឡាល ពាណិជ្ជកម្ម និងវប្បធម៌ ឱ្យកាន់តែរឹងមាំថែមទៀត៕
