FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី១ វេទិកាហ្វ្រង់កូតិច! កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាចំនួន២ និងទទួលលិខិតសម្តែងបំណងសហការវិនិយោគ ជាមួយភាគីមិត្តជាប្រទេសសមាជិកហ្រ្វង់កូហ្វូនី

14-11-2026 22:08

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាវិនិយោគនៃ «ហ្វ្រង់កូតិច-FrancoTech» ដែលជាពិព័រណ៍នវានុវត្តន៍នៃបណ្តាប្រទេសនិយាយភាសាបារាំង អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដោយប្រព្រឹត្តទៅក្នុងវគ្គទីមួយនៃវេទិកាវិនិយោគ ក្រោមមូលបទ «កម្ពុជា នៅចំបេះដូងនៃកាលានុវត្តភាពថ្មីៗ» ក្នុងប្រធានបទ «កម្ពុជា៖ គោលដៅនៃការវិនិយោគ»។

បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាគន្លឹះ ប្រកបដោយខ្លឹមសារព័ត៌មានពាក់ព័ន្ធសំខាន់ៗក្នុងការរើសយកកម្ពុជា ជាគោលដៅវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង ទីភ្នាក់ងារសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋកុងហ្គោ តំណាងដោយលោក Michel DJOMBO BALOMBELLY រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងការលើកកម្ពស់វិស័យឯកជនកុងហ្គោ។

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង សភាពាណិជ្ជកម្មម៉ូណាកូ តំណាងដោយ លោក Guillaume Rose នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មម៉ូណាកូ។

៣៖ លិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង ទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង តំណាងដោយ លោក Ghislain MOANDZA MBOMA អគ្គនាយកនៃទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង៕