FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មកកាន់កម្ពុជា (Video inside)

14-11-2026 19:11

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការ ដោយសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសារស្វាគមន៍នោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅល្ងាចថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ» ។

សម្តេចតេជោ បានបន្តគូសរំលេចអំពីអត្ថន័យនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះថា៖ «ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងការអភិវឌ្ឍ។ ជំនួប និងសកម្មភាពការទូតក្នុងដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានរំពឹងថា នឹងរួមចំណែកបើកឱកាសថ្មីៗសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកម្ពុជា-បារាំងឱ្យកាន់តែរីកចម្រើនថែមទៀត» ។

គួរជម្រាបជូនថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងមានជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផងដែរ ក្រៅពីការចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕