មេដឹកនាំកម្ពុជា-ឡាវ សម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដែលបានធ្វើកន្លងមក (Video inside)
14-11-2026 19:04
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានជំរុញការងារបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៤ភាគរយទៀត ឱ្យសម្រេចបានជោគជ័យ នាពេលខាងមុខ។
នេះបើយោងតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង លោក ថងលូន ស៊ីសូលីត (Thongloun
Sisoulith) ប្រធានរដ្ឋឡាវ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថងលូន ស៊ីសូលីត សារជាថ្មីម្តងទៀត ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដែលនេះគឺជាជំនួបលើកទីពីរហើយនៅក្នុងឆ្នាំ២០២៦ បន្ទាប់ពីប្រធានរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់ លោក ថងលូន ស៊ីសូលីត នៅពេលនេះ គឺជាការផ្តល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជានិងឡាវ ក៏ដូចជាការផ្តល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនីផងដែរ។
ជាការឆ្លើយតប លោក ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូ។ លោកប្រធានរដ្ឋ បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសក្នុងឆ្នាំ២០២៦ នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដោយប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងសកម្ម ចាប់តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ក្រោម ព្រមទាំងមានជំនួបរវាងយុវជននៃប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសនោះ លោកប្រធានរដ្ឋឡាវ ក៏បានអបអរសាទរ និងជូនពរដល់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យទទួលបានជោគជ័យថែមទៀត។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់កម្រិតដែលបានធ្វើកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាពិសេសការជំរុញការបោះបង្គោលព្រំដែនរវាងកម្ពុជា និងឡាវ ដែលនៅសេសសល់ ១៤% ទៀត ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕


















