FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សន្និសីទស្តីពីការអភិវឌ្ឍថ្មីៗនៃបទដ្ឋានគតិយុត្តនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន បង្ហាញពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់

14-11-2026 18:44

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី «ការអភិវឌ្ឍថ្មីៗនៃបទដ្ឋានគតិយុត្តនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន»។ សន្និសីទនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោកមេធាវី សាំង វណ្ណៈ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃសន្និសីទ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពច្បាប់។ សន្និសីទនេះបានផ្តល់វេទិកាសម្រាប់អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងអ្នកសិក្សាស្រាវជ្រាវ ដើម្បីផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍លើវិស័យសំខាន់ៗចំនួនបី រួមមាន៖ ក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងមជ្ឈត្តការពាណិជ្ជកម្ម និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យ។

សន្និសីទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងតំបន់ ជំរុញការចែករំលែកចំណេះដឹង និងពង្រឹងទំនាក់ទំនងរវាងអ្នកប្រកបវិជ្ជាជីវៈច្បាប់នៅទូទាំងអាស៊ាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍច្បាប់ប្រកបដោយចីរភាព។