FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតកម្ពុជាប្រចាំខេត្តយូណានជាង ១៦០នាក់ ចូលរួមយ៉ាងសកម្មក្នុងសប្តាហ៍ពិព័រណ៍ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១ នៅទីក្រុងគុនមិញ

14-11-2026 18:19

(គុនមិញ, យូណាន)៖ សប្តាហ៍ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំង Kunming Plaza ទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ សហការជាមួយសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC)។

អ្វីដែលគួរឱ្យកត់សម្គាល់ និងគួរជាទីមោទនៈបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺវត្តមាននៃការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារសមាគមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងខេត្តយូណាន ប្រមាណ ១៦០នាក់។ កម្លាំងយុវជនស្ម័គ្រចិត្តទាំងនេះ ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម, ប្រធាននិស្សិតប្រចាំខេត្តយូណាន និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាសិក្សាវេជ្ជសាស្រ្តពីប្រទេសចិន។ ក្រុមការងារនិស្សិតកម្ពុជា បានទទួលរ៉ាប់រងលើភារកិច្ចសំខាន់ៗជាច្រើន រួមមាន៖ ការរៀបចំចម្អិនម្ហូបខ្មែរ ការសម្របសម្រួលអាជីវករខ្មែរនិងចិន ដើម្បីមកតាំងលក់ក្នុងពិព័រណ៍ ការសម្របសម្រួលទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រមទាំងការសម្តែងទស្សនីយភាពសិល្បៈ និងវប្បធម៌ខ្មែរយ៉ាងរស់រវើក។

ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមហ៊ុន និងសហគ្រាសកម្ពុជាប្រមាណ ៤០ និងក្រុមហ៊ុន ឬសហគ្រាសចិនប្រមាណ ៥០។ កម្មវិធីនេះបាននាំមកនូវទស្សនីយភាពសិល្បៈដ៏អស្ចារ្យជាច្រើន ដែលរៀបចំ និងសម្តែងដោយក្រុមនិស្សិតខ្មែរ រួមមាន៖

* ការបង្ហាញម៉ូដសម្លៀកបំពាក់ ០៨ សម័យកាល (តាំងពីសម័យអង្គរ លង្វែក ឧដុង្គ ចតុមុខ មកដល់សម័យបច្ចុប្បន្ន ព្រមទាំងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងសម្លៀកបំពាក់ជនជាតិភាគតិច)។
* ការសម្ដែងរបាំជូនពរ ដើម្បីអបអរសាទរកម្មវិធី។
* ការសម្ដែងក្បាច់គុនល្បុក្កតោខ្មែរ រួមគ្នាជាមួយក្បាច់ថៃជីចិន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការវប្បធម៌កីឡា និងក្បាច់គុនរវាងប្រទេសទាំងពីរ។
* ការសម្តែងរបាំប្រពៃណី ដូចជា របាំគោះត្រឡោក និងរបាំគោះអង្រែ។
* ការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន «ចោលឈូង» និងការលេង «បោះអង្គុញ»។
* ការសម្ដែងរបាំ «ភោគផល» ដែលឆ្លុះបញ្ចាំងពីវិស័យកសិកម្មរបស់កម្ពុជា។
សប្តាហ៍ពិព័រណ៍កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី”។ ព្រឹត្តិការណ៍នេះមានគោលបំណងចម្បងក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី ការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ វប្បធម៌ កីឡា និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង បានសម្តែងនូវការដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភសម្លៀកបំពាក់សិល្បៈបុរាណខ្មែរ សម្រាប់យកមកប្រើប្រាស់ក្នុងការបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការសម្ដែងសិល្បៈផ្សេងៗនៅលើទឹកដីនៃប្រទេសចិនផ្ទាល់តែម្ដង។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា សម្ដេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្រៅប្រទេស ជាពិសេសនិស្សិតនៅប្រទេសចិនផ្ទាល់តែម្តង។

តាមរយៈការលះបង់កម្លាំងកាយចិត្តរបស់ក្រុមនិស្សិតខ្មែរជាង ១៦០នាក់ បានធ្វើឱ្យសប្តាហ៍ពិព័រណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ដែលមិនត្រឹមតែបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយនូវកេរ្តិ៍ឈ្មោះ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ទៅកាន់សាធារណជនចិន និងអន្តរជាតិយ៉ាងទូលំទូលាយផងដែរ៕