FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង (Video inside)

14-11-2026 17:52

(ភ្នំពេញ)៖ នៅវេលារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានដឹកនាំគណៈ​ប្រតិភូ​អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ។ លោក ម៉ាក្រុង ជាប្រធានាធិបតីបារាំងទី៣ ដែលបាន​អញ្ជើញ​មកដល់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ ១៦៣ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៨៦៣មក។ ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនេះ គឺជាការបើកទំព័រថ្មីឆ្ពោះទៅកាន់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការកាន់​តែល្អប្រសើររវាងកម្ពុជា និងបារាំង។

នៅច្រកពិសេសនៃឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពិធីទទួលបដិសណ្ឋារកិច្ចបាន​រៀបចំ​ឡើង​​យ៉ាងមហោ​ឡា​រិក និងប្រកបដោយកិត្តិយសខ្ពស់ខ្ពស់បំផុត។ ផ្ទាំងរូបភាពមួយផ្ទាំងធំ ត្រូវបានរំលេចដោយ ព្រះបរមឆាយាលក្ខណ៍ព្រះករុណាព្រះមហាក្សត្រ លោក អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ របស់បារាំង ខណៈទង់ជាតិកម្ពុជា និងបារាំងជាច្រើនទង់ ត្រូវបាន​បង្ហូតយ៉ាងខ្ពស់ត្រដែត។

ទទួលបដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ត្រូវបានធ្វើឡើងដោយ​លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។

អម​សងខាងកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ ត្រូវបានអមដោយកងកិត្តិយស ដែលជាកងកម្លាំងនៃក​ង​​យោធពល​ខេមរភូមិន្ទ។ នៅទល់មុខយន្តហោះពិសេសរបស់លោកប្រធានាធិបតី ត្រូវបានរៀប​ចំផែនមហាជនជាពលរដ្ឋខ្មែរ និងពលរដ្ឋបារាំងរស់នៅកម្ពុជា ក្នុងដៃកាន់ផ្កា និងព្រះបរមឆាយា​លក្ខណ៍ព្រះមហាក្សត្រ លោក ម៉ាកុង និងលោកជំទាវទី១ បង្ហាញឱ្យឃើញក្តីសោមនស្សក្រៃ​លែង​ចំពោះដំណើរទស្សនកិច្ចលោកប្រធានាធិបតី និងលោកជំទាវទី១ ក៏ដូចជាចំណងមេត្រីភាព​ដ៏​ផ្អែម​​ល្ហែមយូរអង្វែងរវាងកម្ពុជា និងបារាំង។

ដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរនាពេលនេះ លោក ម៉ាក្រុង និង​លោកជំទាវទី១របស់បារាំង នឹងស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ក្រសួងកាបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក អេម៉ានុយអែល ម៉ាក្រុង នឹងចូលបង្គំគាល់ និងមានសវនាការជាមួយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជ​វាំង។

លោកប្រធានាធិបតី នឹងជួបប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ទន្ទឹមនេះលោកប្រធានាធិបតី នឹងអញ្ជើញជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិចនៅខេត្តសៀមរាប។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង មកកម្ពុជានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ លោកប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្រ្វង់ស្វ័រ ម៊ីតេរ៉ង់ នៅឆ្នាំ១៩៩៣។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ច​សហប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។

តាមរយៈសកម្មភាពទាំងនេះនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រ​យោជន៍​ទៅវិញទៅមក។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង បានចាប់ផ្តើមយ៉ាងសំខាន់នៅឆ្នាំ១៨៦៣ នៅ​ពេលដែល​កម្ពុជា​បានចុះសន្ធិសញ្ញាអាណាព្យាបាលបារាំង-កម្ពុជា ដែលអនុញ្ញាតឱ្យបារាំងឈរ​ជើង​នៅកម្ពុជា និង​រំដោះកម្ពុជាពីការត្រួតត្រារបស់សៀម និងវៀតណាម។ បារាំងបានសន្យា​ការ​ពារ​កម្ពុជាពី​ចលា​ចល​​ផ្ទៃក្នុង និងការឈ្លានពានពីខាងក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ បារាំង មិនបានផ្តល់​សច្ចាប័ន​លើសន្ធិសញ្ញានេះភ្លាមៗទេ រហូតដល់ឆ្នាំ១៨៦៤។ នៅឆ្នាំ១៨៦៧ បារាំង​បានដាក់​សម្ពាធ​លើសៀមឱ្យទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជា ជាថ្នូរនឹងការទទួល​ស្គាល់​​ការត្រួត​ត្រារបស់សៀមលើបាត់ដំបង និងអង្គរ។

នៅឆ្នាំ១៨៨៤ បារាំងបានបង្ខំឱ្យកម្ពុជាចុះអនុសញ្ញាទី២ ដើម្បីបង្កើតសហភាពគយ ដែលជា​ហេតុ​ធ្វើឱ្យបាត់បង់អំណាចពីព្រះមហាក្សត្រ និងរាជវង្សានុវង្ស ហើយបង្កើតប្រព័ន្ធរដ្ឋបាលទំនើប​ក្រោម​ការគ្រប់គ្រងរបស់បារាំង។ កម្ពុជាបានក្លាយជាដែនអាណាព្យាបាលសំខាន់​នៃសហភាព​ឥណ្ឌូចិន ដែលគ្រប់គ្រងដោយអគ្គទេសាភិបាលជាន់ខ្ពស់បារាំង (រ៉េស៊ីដង់ស៊ុបពែរីយ័រ- Résident Supérieur)។ ភ្នំពេញស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គទេសាភិបាល​ជាន់​ខ្ពស់បារាំង។ នៅឆ្នាំ១៨៩៦ បារាំង និងអង់គ្លេសបានទទួលស្គាល់មណ្ឌលឥទ្ធិពលរៀងៗខ្លួន​លើ​ឥណ្ឌូចិន ដោយសៀមប្រគល់ខេត្តនៅតំបន់អង្គរឱ្យកម្ពុជាវិញ។

បើទោះជាយ៉ាងមិនការប្រគល់ឯករាជ្យត្រឡប់មកកម្ពុជា ក្នុងឆ្នាំ១៩៥៣ ទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានទាំងរឿងផ្អែមល្ហែម និងជូរចត់ ដែលក្លាយទៅជាស្លាកស្នាមអនុស្សាវរីយ៍មិន​អាច​បំភ្លេច​បាន​សម្រាប់​ប្រជា​ជាតិ​កម្ពុជា និងបារាំង។ បើទោះបីចំណងអនុស្សាវរីយ៍ក្នុងអតីតកាល​មានភាពល្វីងជូរចត់ខ្លះយ៉ាងណាក្តី តែក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំ បារាំង ជាតួអង្គដ៏សំខាន់មួយក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា។ កិច្ចចរចាស្វែងរកសន្តិ​ភាព​ត្រូវបានធ្វើឡើងច្រើនលើកនៅក្នុងប្រទេសបារាំងចាប់ពីឆ្នាំ១៩៨៧ រហូតដល់សម្រេចបានកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

លោក អូលីវីយេ រីឆា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានចាត់ទុកទំនាក់​ទំនង​ទេ្វភាគីបារាំង-កម្ពុជាថា ជា«គូស្នេហ៍ចំណាស់មួយគូ» ដែលគ្មានរណា ឬអ្វីមួយអាចមក​បំបែក​​បានឡើយ។ លោកឯកអគ្គរដ្ឋទូត បានរំលេចដែរថា ប្រវត្តិសាស្ត្រពោរពេញដោយភាព​ប្រែ​ប្រួល និងសោកនាដកម្មជាច្រើន ប៉ុន្តែរឿងរ៉ាវទាំងនេះ មិនដែលបំបែកកម្ពុជា និងបារាំងចេញ​ពី​គ្នាឡើយ ហើយពេលវេលាដ៏រីករាយ និងពេលវេលារួមគ្នាក៏មិនដែលបាត់បង់ដែរ ហើយនៅតែមា​ន​ជា​និច្ចសម្រាប់ប្រទេសទាំងពីរ។

សារមានអត្ថន័យដ៏ជ្រាលជ្រៅនេះ ត្រូវបានរំលេចក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង កាលពីខែកក្កដា ឆ្នាំ២០២៦។ លោកឯកអគ្គរដ្ឋទូតបារាំង រំលេចទៀតថា បច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពតានតឹង ហើយ​​ក៏ពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ប្រទេសកម្ពុជា ប្រឈមមុខនឹងស្ថានភាព​លំបាក​មួយតាមបណ្តោយព្រំដែនរបស់ខ្លួន ហើយត្រូវជួបប្រទះនឹងឧក្រិដ្ឋកម្មមួយចំនួនដែល​អាច​បង្កឱ្យមានអស្ថិរភាព។ ប្រទេសបារាំង ក៏មានបញ្ហាប្រឈមផ្ទាល់ខ្លួនដែរ។ ប៉ុន្តែ «គូស្នេហ៍​ចំណាស់» នៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងប្រសើរឡើង ពីព្រោះចំណង​មិត្ត​ភាព​រវាងបារាំង-កម្ពុជា មានភាពស៊ីជម្រៅ និងរឹងមាំណាស់ ដែលមិនអាចនាំឱ្យមានលទ្ធផល​ផ្សេង​ពីនេះបានឡើយ។

នៅក្នុងពេលនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអះអាងដែរថា មិត្តភាពរវា​ង​កម្ពុជា និងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរ​លើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការ​ដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃ​ប្រទេស​​ទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាស​កិច្ច​ប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដ​នៃទំនាក់​ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ​ឱ្យកាន់តែរឹង​មាំថែម​ទៀត។

បារាំងក៏ជាប្រទេស ដែលបានចូលរួមជួយជ្រោមជ្រែងដល់ការបោះឆ្នោតនៅកម្ពុជានាឆ្នាំ១៩៩៣ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍កម្ពុជាឡើងវិញ បន្ទាប់ពីបង្កើតបាន​រាជ​រដ្ឋាភិបាលថ្មីឆ្នាំ១៩៩៣។

បារាំង បានផ្តល់កិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីរួមចំណែកដល់ដំណើរអភិវឌ្ឍន៍កម្ពុជា ចេញ​ពីគំនរនៃវិបត្តិភ្លើងសង្គ្រាម ដែលបានដុតកម្លោចកម្ពុជាប្រមាណជា៣ទសវត្សរ៍។ កិច្ចសហប្រតិ​បត្តិ​ការ ដែលកម្ពុជា និងបារាំង បានធ្វើជាមួយគ្នារយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ មានដូច​ជា៖

* ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៥០០លានដុល្លារអាមេរិក កើនឡើង ១៤.៨ភាគរយ បើធៀបនឹងរយៈពេល​ដូច​គ្នា​ឆ្នាំ ២០២៥។ កម្ពុជានាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិត​ផល​ក​សិកម្មទៅបារាំង។ បច្ចុប្បន្នមានក្រុមហ៊ុន ឬសហគ្រិនបារាំងប្រមាណជាង ៣៥០ កំពុង​ប្រតិបត្តិការនៅកម្ពុជា ជាមួយការវិនិយោគជាង ៧០០លានដុល្លារ។ នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅរាជធានីភ្នំពេញ ដែលរំពឹងថានឹងទាក់​ទាញក្រុមហ៊ុនបារាំងប្រមាណ៤០០ មកសិក្សា និងវិនិយោគលើវិស័យថាមពល សុខាភិបាល និងកែច្នៃកសិកម្ម។

* យោធា៖ កម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាពិសេសនៅសាលា នាយទាហានសកម្មត្មាតពង និងវិទ្យាស្ថានបញ្ជាការសេនាធិការត្មាតពង។ អស់រយៈពេលជាង ៣២ឆ្នាំមកនេះ នាយទាហានប្រមាណ ២៥០០នាក់បានទទួលការជួយជ្រោមជ្រែងពីបេសកកម្ម​សហ​ប្រតិបត្តិការបារាំងផ្នែកការពារ។

* អប់រំ វប្បធម៌ និងទេសចរណ៍៖ បារាំងនៅតែជាគោលដៅចម្បងរបស់និស្សិតកម្ពុជា ដើម្បីទៅ សិក្សា។ កិច្ចសហប្រតិបត្តិការក៏ពាក់ព័ន្ធនឹងការពង្រីកក្រុង និងការថែរក្សាបេតិកភណ្ឌវប្បធម៌ ជាពិសេសនៅតំបន់អង្គរវត្ត។

* ជំនួយអភិវឌ្ឍន៍៖ តាមរយៈទីភ្នាក់ការងារអភិវឌ្ឍន៍ AFD បារាំង បានបន្តផ្តល់ការគាំទ្រ​តាម​រយៈ​ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន កសិកម្ម ទឹក​ស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេស​ចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ។

ចាប់តាំងពីបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ មក​ដល់​ឆ្នាំ២០២៦ ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានសរុបជាង ១,៥ ពាន់លាន​អឺរ៉ូ ឬប្រមាណ ១,៦៧ពាន់​លាន​ដុល្លារអាមេរិក តាមរយៈគម្រោងអភិវឌ្ឍន៍ជាង ១៣០នៅទូទាំង​ប្រទេស។ ក្នុងចំណោមទឹកប្រាក់​សរុប​ខាងលើ មានគម្រោងដែលមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានអឺរ៉ូ កំពុងស្ថិតក្នុង​ដំណាក់​​កាលអនុវត្តជាក់ស្តែង។ គម្រោងធំៗដែលលេចធ្លោ គឺម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត​បាក់ខែងទាំង៣ដំណាក់កាលនៅភ្នំពេញ គឺជាគម្រោង​ដ៏ធំបំផុតមួយ ដែលប្រើប្រាស់ទឹកប្រាក់ពី AFD ប្រមាណ ៣៧៦ លានអឺរ៉ូ (ជាង ៤១៨ លានដុល្លារ)។

* គម្រោងអាទិភាព៖ ភាគីទាំងពីរកំពុងជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន គម្រោងមន្ទីរ ពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង គម្រោងបំលែងសំណល់ទៅជាថាមពល និងគម្រោងស្តុក ថាមពលវារីអគ្គិសនី៕