គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញទទួលជំនួយមនុស្សធម៌ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លារអាមេរិក
14-11-2026 17:26
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក Min Byong Jang ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្របសម្រួលដោយ លោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌លើក ទី ២៦ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ជំនួយមនុស្សធម៌លើកទី២៦ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធា រ ណរដ្ឋកូរ៉េ រួមមាន៖ ឱសថចម្រុះចំនួន ៤១មុខ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់សរុបចំនួន ១,២២៨,២៨៥.៦៣ដុល្លារអាមេរិក។ ជំនួយមនុស្សធម៌នេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាមេរិក។
បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ, លោក ម៉ម ប៊ុននាង និងលោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកបន្ថែមទំហំជំនួយមនុស្សធម៌ ដល់ ៥០លានដុល្លារអាមេរិក។
នៅខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេ ខាលើអនុស្សរណៈជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌ឡើងដល់ ៦៥លានដុល្លារអាមេរិក។
សូមគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព, មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៦លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន៣៨,៦០៦,៦៣៤.៩៩ដុល្លារអាមេរិក។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់ គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាពជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកប ដោយ តម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពល រដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើងស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែក សង្គ្រោះជីវិតសកល(Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ៕









