FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យស្វាយរៀង រៀបចំពិព័រណ៍ការងារលើកទី៣ ជំរុញការងារស្របតាមជំនាញ និងកាត់បន្ថយគម្លាតទីផ្សារ

14-11-2026 17:10

(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំលើកទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍ សាអភិបាលខេត្តស្វាយរៀង លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង​ លោក ធឿន វង់ឌី មន្ត្រីគម្រោងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា​ ព្រមទាំងព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ស្ថាប័នក្រុមហ៊ុន និងសិស្សនិស្សិតជាច្រើនរូបទៀត។

ក្នុងឱកាសពិព័រណ៍ការងារ លោកសាស្ត្រាចារ្យ ទុំ សារាវុធ បានថ្លែងអំណរគុណដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយទីផ្សារការងារក្នុងខេត្ត។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃពិព័រណ៍ការងារនេះ ដែលជាវេទិកាដ៏មានតម្លៃសម្រាប់និស្សិតក្នុងការស្វែងរកឱកាសការងារ និងសម្រាប់ក្រុមហ៊ុនក្នុងការស្វែងរកធនធានមនុស្សដែលមានសក្តានុពល។ ពិព័រណ៍ការងារនេះ គឺជាការទទួលខុសត្រូវរួមមួយ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយសក្តានុពលមនុស្ស និងធានាថានិស្សិតបញ្ចប់ការសិក្សាទទួលបានការងារសមស្រប ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

បន្ថែមលើសពីនេះ លោកញ៉ែម សារី បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យស្វាយរៀង និងដៃគូអភិវឌ្ឍន៍ ជាពិសេស អង្គការ JICA គម្រោង JICA-INACON ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបានចូលរួមចំណែកគាំទ្រកម្មវិធី និងក្នុងនាមរដ្ឋបាលខេត្ត សូមសំណូមពរបន្តនូវការគាំទ្រឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀត និងសូមឱ្យមានការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងបង្កលក្ខណៈឱ្យយុវជនដទៃទៀត ក្រៅពីនិស្សិត បានចូលរួមសិក្សាស្វែងយល់ផងដែរ។

ក្នុងឱកាសនោះលោកបណ្ឌិតសោម រតនា បានថ្លែងថា រដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ បានដាក់ចេញនូវវិធានការគន្លឹះគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់គាំទ្រ និងពន្លឿនឱ្យស្របទៅនឹងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោកបណ្ឌិត បានផ្តាំផ្ញើប្អូនៗនិស្សិត និងយុវជនទាំងអស់ សូមខិតខំយកទុកដាក់សិក្សាស្រាវជ្រាវ ចាប់យកឱកាសកំណត់ផ្លូវនៃអនាគតខ្លួនឯងឱ្យបានល្អប្រសើរ និងចូលរួមចំណែកអភិវឌ្ឍន៍ គ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន។

លោកបណ្ឌិតបានអំពាវនាវដល់និស្សិតឱ្យយកសាងជំនាញបច្ចេកទេស និងបំណិនទន់ ព្រមទាំងជំរុញឱ្យក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ចូលរួមជាអ្នករួមរចនាការអប់រំ ដើម្បីធានាថាការបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលជាវិស័យសំខាន់ក្នុងការអភិវឌ្ឍខេត្តស្វាយរៀង។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង ដោយមានការគាំទ្រពីគម្រោង JICA-INACON ក្នុងគោលបំណងសំខាន់ៗដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត ជាមួយនឹងទីផ្សារការងារជាក់ស្តែង ដោយមានសកម្មភាពលេចធ្លោជាច្រើនរួមមាន៖

*ការតាំងស្ដង់ពិព័រណ៍៖ ឱកាសដាក់ពាក្យ និងសម្ភាសន៍ការងារដោយផ្ទាល់ ជាមួយក្រុមហ៊ុន រោងចក្រ និងស្ថាប័នធំៗជាច្រើន
* វេទិកាពិភាក្សាតុមូល៖ ក្រោមប្រធានបទ «ការងារពេលអនាគត! តើនិយោជករកមើលអ្វីខ្លះពីនិស្សិតបញ្ចប់ការសិក្សាថ្មីៗ?» ដោយវាគ្មិនជំនាញមកពីស្ថាប័នល្បីៗ (CY Top Cambodia, Teach For Cambodia, Union Commercial Bank (UCB Bank)។
* វគ្គសិក្ខាសាលាខ្លីៗ៖ ការបណ្តុះបណ្តាលលើការសរសេរ CV ឱ្យមានភាពទាក់ទាញ, ការត្រៀមខ្លួនសម្ភាសន៍ការងារ និងយុទ្ធសាស្ត្រស្វែងរកការងារដែលស្របតាមជំនាញ។

នេះគឺជាឱកាសដ៏មានតម្លៃបំផុតសម្រាប់និស្សិត និងអតីតនិស្សិត ក្នុងការទទួលបានការប្រឹក្សាយោបល់ បង្កើនបណ្តាញទំនាក់ទំនង និងស្វែងរកអាជីពការងារក្នុងក្តីស្រមៃរបស់ខ្លួន។

ក្នុងពិព័រណ៍ការងាររបស់សាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦ មានឱកាសការងារចំនួន៣៩៤កន្លែង ដែលមានក្រុមហ៊ុនចំនួនមកជ្រើសរើសបុគ្គលិកចំនួន១៥ក្រុមហ៊ុន អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្ដស្វាយរៀង ព្រមទាំងមានអ្នកចូលរួមប្រមាណជាង១០០០នាក់ ដោយមានវត្ដមានពីមន្ទីរនានាក្នុងខេត្ដចំនួន៦ វិទ្យាល័យចំនួន៩វិទ្យាល័យ៕