FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស (Video inside)

14-11-2026 16:43

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ព្រះរាជាណាចក្រកម្ពុជា នឹងបើកជាផ្លូវការវេលាថ្ងៃទី១៥វិច្ឆិកា។ ហេតុអ្វីបានជាថៃ ព្រួយបារម្ភ និងហេតុអ្វីជាក្រុមជ្រុលនិយមខ្មែរក្រៅស្រុក ព្យាយារារាំងកិច្ចប្រជុំកំពូលក្នុងប្រ ទេសកម្ពុជានេះ?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជានឹងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាលើកទី២ នៅអាស៊ី បន្ទាប់ពីប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៅទីក្រុងហាណូយក្នុងឆ្នាំ១៩៩៧។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងរវាងមហាអំណាច ជម្លោះប្រដាប់អាវុធ និងការថយចុះទំនុកចិត្តលើប្រព័ន្ធពហុភាគីនិយម។ សម្រាប់កម្ពុជា វាក៏កើតឡើងក្នុងបរិបទនៃជម្លោះព្រំដែនជាមួយថៃ ដែលធ្វើឱ្យការទូត និងច្បាប់អន្តរជាតិកាន់តែមានសារៈសំខាន់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ថៃបានបង្ហាញការព្រួយបារម្ភថា កម្ពុជាអាចប្រើវេទិកានេះដើម្បីលើកបញ្ហាជម្លោះព្រំដែន ខណៈអ្នកនយោបាយប្រឆាំងកម្ពុជានៅក្រៅប្រទេសមួយចំនួនបានរិះគន់តម្លៃនៃកិច្ចប្រជុំ និងជំទាស់នឹងការផ្តល់កិត្តិយសការទូតដល់រាជរដ្ឋាភិបាលកម្ពុជា។

សំណួរសំខាន់គឺ៖ ហេតុអ្វីកិច្ចប្រជុំដែលផ្តោតលើភាសា វប្បធម៌ សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បែរជាបង្កការព្រួយបារម្ភផ្នែកនយោបាយ និងការទូត? ហើយតើកម្ពុជាអាចទាញផលប្រយោជន៍អ្វីខ្លះពីឱកាសប្រវត្តិសាស្ត្រនេះ?

*ពីមរតកព្រះបរមរតនកោដ្ឋ ដល់តួនាទីការទូតថ្មីរបស់កម្ពុជា
ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនមែនជាព្រឹត្តិការណ៍កើតឡើងដោយចៃដន្យឡើយ។ វាភ្ជាប់នឹងប្រវត្តិសាស្ត្រការទូតកម្ពុជា និងមរតករបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី OIF Organisation International de la Francophonie ទទួលស្គាល់ថាជាឥស្សរជនមួយអង្គក្នុងចំណោមបិតាស្ថាបនិកហ្វ្រង់កូហ្វូនី។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃវេទិកាកំពូលដែលប្រមូលផ្តុំរដ្ឋ និងរដ្ឋាភិបាលសមាជិក សមាជិករង និងអ្នកសង្កេតការណ៍សរុប ៩០។

ប្រធានបទកិច្ចប្រជុំឆ្នាំ២០២៦ គឺ «ការវិនិយោគឡើងវិញក្នុងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ប្រធានបទនេះមានអត្ថន័យជាពិសេសសម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ និងបានកសាងសន្តិភាពឡើងវិញ។

លើសពីការធ្វើជាម្ចាស់ផ្ទះ កម្ពុជាក៏គ្រោងទទួលតំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីបារាំង សម្រាប់រយៈពេលពីរឆ្នាំ។ នេះផ្តល់ឱកាសឱ្យកម្ពុជាចូលរួមកំណត់ទិសដៅកិច្ចសហប្រតិបត្តិការពហុភាគី និងលើកកម្ពស់តួនាទីខ្លួនលើឆាកអន្តរជាតិ។

ដូច្នេះ តម្លៃនៃកិច្ចប្រជុំ មិនត្រូវវាស់ត្រឹមចំនួនមេដឹកនាំដែលមកចូលរួមឡើយ ប៉ុន្តែត្រូវវាស់តាមសមត្ថភាពកម្ពុជាក្នុងការប្រែក្លាយទំនាក់ទំនងអន្តរជាតិទៅជាលទ្ធផលជាក់ស្តែង។

*ហេតុអ្វីថៃព្រួយបារម្ភចំពោះកិច្ចប្រជុំនៅកម្ពុជា?
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបង្ហាញការព្រួយបារម្ភថា កម្ពុជាអាចប្រើកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញព័ត៌មានអំពីជម្លោះព្រំដែនតាមទស្សនៈរបស់ខ្លួន។

ថៃក៏បានបង្ហាញកង្វល់ចំពោះលទ្ធភាពដែលឯកសារសេចក្តីប្រកាសចុងក្រោយរបស់កិច្ចប្រជុំ អាចមានខ្លឹមសារ មិនអំណោយផលដល់ជំហរថៃ។

តាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសថៃ ទីក្រុងបាងកកបានដាក់ការតវ៉ាការទូតទៅលេខាធិការដ្ឋាន OIF ហើយបានជួបតំណាងស្ថានទូត ១១ ប្រទេស ដើម្បីពន្យល់ពីជំហររបស់ខ្លួន។

នេះបង្ហាញថា ថៃយកចិត្តទុកដាក់ខ្លាំងចំពោះឥទ្ធិពលការទូតនៃកិច្ចប្រជុំនេះ។

ប៉ុន្តែសំណួរមួយគួរត្រូវបានលើកឡើង៖ ប្រសិនបើថៃជឿជាក់ថាជំហររបស់ខ្លួនមានមូលដ្ឋានច្បាប់ និងភស្តុតាងរឹងមាំ ហេតុអ្វីមិនស្វាគមន៍ឱ្យមានការពិនិត្យ និងពិភាក្សាបញ្ហានេះដោយតម្លាភាពលើវេទិកាអន្តរជាតិនេះ?

ទោះជាយ៉ាងណា ការខិតខំទប់ស្កាត់ការលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ បង្ហាញថា ការយល់ឃើញរបស់សហគមន៍អន្តរជាតិមានសារៈសំខាន់ចំពោះការគណនាយុទ្ធសាស្ត្ររបស់ថៃ។

សម្រាប់កម្ពុជា ការបង្ហាញឯកសារប្រវត្តិសាស្ត្រ សន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ផែនទីពាក់ព័ន្ធ សាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងការបកស្រាយឆ្នាំ២០១៣ អាចជួយពង្រឹងការយល់ដឹងអំពីមូលដ្ឋានច្បាប់របស់កម្ពុជា។

កិច្ចប្រជុំហ្វ្រង់កូហ្វូនី ទោះបីជាមិនមែនជាតុលាការសម្រេចអធិបតេយ្យភាពក៏ពិតមែន ប៉ុន្តែវាជាវេទិកា ដែលកម្ពុជាអាចបញ្ជាក់ជំហរគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងច្បាប់អន្តរជាតិ។

*ទស្សនកិច្ចប្រធានាធិបតី Macron៖ ពីទំនាក់ទំនងប្រវត្តិសាស្ត្រ ដល់កិច្ចព្រមព្រៀង២៨ និងការពង្រឹងការទូតកម្ពុជា
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកជំទាវ Brigitte Macron នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មិនត្រឹមតែជាការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា–បារាំង។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី François Mitterrand កាលពីឆ្នាំ១៩៩៣ ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចាត់ទុកថា មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Macron គ្រោងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ភាគីកម្ពុជា និងបារាំងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា (MoU) និងលិខិតបង្ហាញពីបំណង សរុបចំនួន ២៨ឯកសារ ដែលគ្របដណ្តប់វិស័យយុទ្ធសាស្ត្រសំខាន់ៗ។

ក្នុងវិស័យថាមពល ក្រុមហ៊ុនអគ្គិសនីបារាំង EDF គ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក (Pumped-storage Hydropower) ដែលមានតម្លៃវិនិយោគជាង១ពាន់លានអឺរ៉ូ។ គម្រោងនេះអាចជួយបង្កើនសមត្ថភាពស្តុកថាមពល និងគាំទ្រស្ថិរភាពប្រព័ន្ធអគ្គិសនីកម្ពុជា ប្រសិនបើត្រូវបានអនុវត្តជោគជ័យ។

ក្នុងវិស័យបច្ចេកវិទ្យាអវកាស ក្រុមហ៊ុន Airbus Defence and Space គ្រោងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបណ្តុះបណ្តាលមន្ត្រីកម្ពុជាលើការប្រើប្រាស់រូបភាពផ្កាយរណបស៊ីវិល។ បច្ចេកវិទ្យានេះអាចមានប្រយោជន៍សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ការតាមដានបរិស្ថាន និងការគ្រប់គ្រងគ្រោះមហន្តរាយ។

ចំណែកវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការគ្រោងផ្តោតលើការបណ្តុះបណ្តាលនាយទាហានកម្ពុជា និងការពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។ ស្របពេលជាមួយគ្នា ភាគីទាំងពីរក៏គ្រោងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងសន្តិសុខអាកាសយានដ្ឋាន។

ក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌ លោក Macron ក៏គ្រោងអមព្រះរាជដំណើរព្រះមហាក្សត្រកម្ពុជា ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមពិធីបិទបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរក្នុងការអភិរក្សបេតិកភណ្ឌខ្មែរ។

ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ ទស្សនកិច្ចនេះក៏មានតម្លៃយុទ្ធសាស្ត្រផ្នែកការទូតផងដែរ។ បារាំងជាប្រទេសដែលរក្សាទុកឯកសារប្រវត្តិសាស្ត្រ ផែនទី និងបណ្ណសារសំខាន់ៗពាក់ព័ន្ធនឹងការកំណត់ព្រំដែនសម័យបារាំង–សៀម រួមទាំងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧។ ការពង្រឹងទំនាក់ទំនងជាមួយបារាំងអាចជួយកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការទទួលបានឯកសារប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ចំពោះការការពារជំហរផ្លូវច្បាប់របស់ខ្លួន។

លើសពីនេះ បារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានឥទ្ធិពលក្នុងសហភាពអឺរ៉ុប។ ដូច្នេះ ការពង្រឹងទំនាក់ទំនងកម្ពុជា–បារាំងអាចបង្កើនឱកាសការទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយជំហរដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដោយមិនមានន័យថាបារាំងនឹងគាំទ្ររាល់ការអះអាងរបស់កម្ពុជាដោយស្វ័យប្រវត្តិឡើយ។

សរុបមក ទស្សនកិច្ចរបស់លោក Macron មិនមែនជាពិធីការទូតសម្រាប់បង្ហាញមុខមាត់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសជាក់ស្តែងសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគ បង្កើនសមត្ថភាពបច្ចេកវិទ្យា ពង្រឹងការពារជាតិ និងពង្រីកបណ្តាញការទូតក្នុងពេលដែលអធិបតេយ្យភាព និងបូរណភាពទឹកដីកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ។

*ការប្រឆាំងពីក្រៅប្រទេស៖ តើជាសិទ្ធិរិះគន់ ឬការធ្វើឱ្យកម្ពុជាខកខានឱកាសការទូត?
ការរិះគន់រាជរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាសិទ្ធិនយោបាយ។ ប៉ុន្តែការរិះគន់ដើម្បីស្ថាបនា និងការអំពាវនាវឱ្យបរទេសបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយប្រទេសខ្លួន គឺជាសកម្មភាពពីរដែលមានផលវិបាកខុសគ្នា។

មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានផ្ញើលិខិតទៅក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយស្នើឱ្យប្រធានាធិបតីបារាំងលោក Emmanuel Macron មិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ហើយបញ្ជូនតំណាងថ្នាក់រដ្ឋមន្ត្រីមកជំនួសវិញ។

សំណួរគឺ៖ តើការស្នើឱ្យបន្ថយវត្តមានមេដឹកនាំកំពូលបារាំង ជាការរិះគន់ក្នុងន័យស្ថាបនាដើម្បីកែលម្អនយោបាយក្នុងស្រុក ឬជាការដាក់សម្ពាធដែលអាចធ្វើឱ្យកម្ពុជាខកខានឱកាសការទូត? ហើយតើការអវត្តមានរបស់លោក Macron នឹងផ្តល់ផលប្រយោជន៍អ្វីដល់កម្ពុជា?

សំណួរនេះកាន់តែមានទម្ងន់ ខណៈកម្ពុជាកំពុងប្រឈមជម្លោះព្រំដែនជាមួយថៃ ហើយបារាំងជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដោយផ្ទាល់នឹងសន្ធិសញ្ញាព្រំដែនបារាំង–សៀមឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងឯកសារផែនទីពាក់ព័ន្ធ។ វត្តមានរបស់លោក Macron អាចបើកឱកាសពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ចំពោះកម្ពុជា។

ទោះមានការអំពាវនាវពីសម រង្ស៊ី ក៏ដោយ កម្មវិធីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Macron នៅថ្ងៃទី១៤–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតែត្រូវបានប្រកាសជាផ្លូវការ។ នេះបង្ហាញថា សម្តីមេខ្លោង សម រង្ស៊ី ជា«សម្តីសាបដូចទឹក»។

*សេចក្តីសន្និដ្ឋាន៖
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ភាសា និងវប្បធម៌ទេ ប៉ុន្តែជាឱកាសប្រវត្តិសាស្ត្រសម្រាប់កម្ពុជាពង្រឹងមិត្តភាពការទូត ទាក់ទាញវិនិយោគ និងបង្កើនតួនាទីលើឆាកអន្តរជាតិ។

ក្នុងពិភពលោកកំពុងប្រឈមការប្រកួតប្រជែងរវាងមហាអំណាច កម្ពុជាត្រូវការការទូតពហុទិស ដោយពង្រីកទំនាក់ទំនងជាមួយអាស៊ាន បារាំង សហភាពអឺរ៉ុប និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ ជាពិសេស ក្នុងជម្លោះព្រំដែនជាមួយថៃ ការទូតពហុភាគីអាចបំពេញបន្ថែមយន្តការទ្វេភាគី ដើម្បីការពារអធិបតេយ្យភាពតាមរយៈភស្តុតាង សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង។

ចំពោះការព្រួយបារម្ភរបស់ថៃ សុភាសិតខ្មែរពោលថា «បើជាមាសសុទ្ធ កុំខ្លាចភ្លើង»។ ភាគីដែលជឿជាក់លើជំហររបស់ខ្លួន គួរត្រៀមបង្ហាញភស្តុតាង និងមូលដ្ឋានច្បាប់ ជាជាងព្រួយបារម្ភចំពោះការលើកបញ្ហាទៅកាន់វេទិកាអន្តរជាតិ។

ចំណែកអ្នកនយោបាយប្រឆាំងដែលអំពាវនាវឱ្យបន្ថយកម្រិតវត្តមានមេដឹកនាំបារាំង គួរពិចារណាសុភាសិតមួយទៀតថា «បើមិនជួយចូកចែវ កុំយកជើងរាទឹក»។ ការប្រឆាំងរាជរដ្ឋាភិបាលជាសិទ្ធិនយោបាយ ប៉ុន្តែការដាក់សម្ពាធដែលអាចធ្វើឱ្យកម្ពុជាខកខានឱកាសការទូត ក៏អាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ភាគីដែលមានជម្លោះជាមួយកម្ពុជាផងដែរ។

មេរៀនសំខាន់គឺ៖ ការប្រកួតប្រជែងនយោបាយមិនគួរធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិឡើយ។ ក្នុងពេលអធិបតេយ្យភាព និងបូរណភាពទឹកដីកំពុងប្រឈមបញ្ហា ភស្តុតាង ច្បាប់អន្តរជាតិ សាមគ្គីភាពជាតិ និងមិត្តភាពការទូត គឺជាកម្លាំងយុទ្ធសាស្ត្រសម្រាប់ការពារកម្ពុជា មិនមែនវោហារសាស្ត្រញុះញង់ដែលបង្កការបែកបាក់ និងធ្វើឱ្យជាតិខ្លួនឯងចុះខ្សោយនោះឡើយ៕