ខេត្តរតនគិរី ចាប់ផ្តើមប្រណាំងទូកនៅបឹងកន្សែង ក្រុងបានលុង
14-11-2026 16:26
(រតនគិរី)៖ ពិធីប្រណាំងទូកនៅទឹកដីភូមិភាគឦសាននេះ មិនត្រឹមតែជាការកម្សាន្តសប្បាយតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាព ដែលផ្តល់ឱកាសឲ្យពលរដ្ឋយើងបានជួបជុំ សប្បាយរីករាយ និងបង្ហាញពីមោទនភាពលើបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង។
ពិធីប្រណាំងទូកនេះ បានផ្តល់ឱកាសមាសជូនប្រជាពលរដ្ឋគ្រប់រូប មានឱកាសជួបជុំគ្នា សប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្រួសារ និងមិត្តភក្តិ។ ការអភិវឌ្ឍរីកចម្រើននៅមូលដ្ឋាន ក៏បង្ហាញឱ្យឃើញពីការរីក ចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្តរតនគិរី ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកម្សាន្តមិនចន្លោះ។
ការផ្សារភ្ជាប់ប្រពៃណីជាតិខ្មែរទៅនឹងភូមិសាស្ត្រធម្មជាតិដ៏ស្រស់ស្អាត នៃតំបន់ភូមិភាគឦសានគឺជាមោទនភាពជាតិក្នុងការថែរក្សា ការពារ និងបន្តវេននូវមរតកវប្បធម៌ដ៏មានតម្លៃអានុភាពពីបុព្វបុរសយើង។
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ព្រមទាំងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីនេះឡើង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបឹងកន្សែងស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្នុងឱកាសអបអរសាទរនោះ រដ្ឋបាលខេត្ត បានរៀបចំឱ្យមានការប្រគំតន្ត្រី, ការបាញ់កាំជ្រួច, ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាដើម៕




















