សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាំយកថវិកា សម្ភារ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារសពវីរកងទ័ពនៅស្រុកអន្លង់វែង
14-11-2026 16:00
(ឧត្តរមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារវីរកងទ័ពដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារនាំយកថវិកា សម្ភារ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារសពវីរកងទ័ព លី ប៉ុនឡេ ដែលទទួលមរណភាពដោយរោគាពាធ មានទីលំនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បាននាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់ជីវិតវីរកងទ័ព លី ប៉ុនឡេ ដែលជាសមាជិកគ្រួសារ ជាកូន ជាប្តី និងជាបងប្អូនជាទីស្រឡាញ់ ដែលមិនអាចកាត់ថ្លៃបាន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមផ្ញើនូវក្តីអាណិតអាសូរ ការគោរព និងការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រជូនដល់ក្រុមគ្រួសារសព សូមមានកម្លាំងចិត្ត និងភាពរឹងមាំ ដើម្បីជម្នះនូវទុក្ខសោកដ៏ក្រៀមក្រំនេះ។ ទោះបីជាវីរកងទ័ពបានឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូតក៏ដោយ ក៏ការលះបង់របស់លោកក្នុងបុព្វហេតុជាតិ និងមាតុភូមិ នឹងស្ថិតក្នុងការចងចាំ និងការគោរពដឹងគុណជានិច្ច។
សូមបញ្ជាក់ថា វីរកងទ័ព លី ប៉ុនឡេ ជាយោធិនបម្រើការនៅអង្គភាពវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើជើងលេខ៤១ យោធភូមិភាគទី៤។
ការនាំយកអំណោយ និងសាររំលែកទុក្ខនេះ គឺជាការបង្ហាញពីសមានចិត្តមនុស្សធម៌ និងការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារវីរកងទ័ពដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ព្រមទាំងជាការចូលរួមចែករំលែកទុក្ខលំបាក និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសពក្នុងគ្រាដ៏លំបាកនេះផងដែរ៕





