FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្ដល់វ៉ែនតា និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យដោយឥតគិតថ្លៃ

14-11-2026 15:54

(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យសុខភាពភ្នែក ផ្ដល់វ៉ែនតា និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

កម្មវិធីសប្បុរសធម៌នេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ, លោក អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំក្រុមគ្រូពេទ្យ ដើម្បីចុះមកពិនិត្យ និងព្យាបាលជូនបងប្អូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ដើម្បីផ្ដល់ក្ដីសង្ឃឹម ហើយក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។

អភិបាលខេត្ត បានលើកឡើងថា សុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមបេសកកម្មមនុស្សធម៌នានា បាននិងកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីថែទាំសុខភាពជាច្រើន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារមានជីវភាពខ្វះខាត ទទួលបានសេវាសុខាភិបាលដោយស្មើភាពគ្នា តាមរយៈការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

លោកបន្តថា ការផ្ដល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ គឺជាការបង្ហាញយ៉ាងច្បាស់អំពីក្ដីមេត្តាករុណា សាមគ្គីភាព និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងសង្គមជាតិទាំងមូលចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។ ព្រមទាំងបានឆ្លុះបញ្ចាំងពីទស្សនវិស័យថា សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ៕