FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈ្វេងយល់ពីពិធីការ ស្តីពីទស្សនកិច្ចរបស់មេដឹកនាំហ្រ្វង់កូហ្វូនី នៅកម្ពុជា

13-11-2026 22:56

(ភ្នំពេញ)៖ នៅក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាទទួលទស្សនកិច្ច៣ប្រភេទ គឺទស្សនកិច្ចផ្លូវរដ្ឋ ទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ លោកបណ្ឌិត ០ន សុផល ក្នុងនាមជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងកាទូត បានបង្ហាញពីពិធីការនៃការទទួលបដិសណ្ឋារកិច្ច ទាំង៣ប្រភេទនោះដូចតទៅ៖

១.ទស្សនកិច្ចផ្លូវរដ្ឋ (State Visit) គឺជាទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ប្រមុខរដ្ឋនៃប្រទេសមួយ ទៅកាន់រដ្ឋមួយទៀត តាមការអញ្ជើញជាផ្លូវការរបស់ប្រមុខរដ្ឋនៃភាគីម្ចាស់ផ្ទះ។
ពិធីទទួលបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវរដ្ឋមានដូចជា៖
- ទទួលស្វាគមន៍ដោយព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋកម្ពុជា អមដោយកងកិត្តិយស។
- មានម៉ូតូស អមក្បួនរថយន្តប្រធានាធិបតីចំនួនពី១៨ គ្រឿង។
- មានមហាជនឈរទទួលស្វាគមន៍តាមដងវិថី។
- មានតាំងព្រះឆាយល័ក្ខណ៍ និងរូបថតប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
- មានរៀបចំពិធីជប់លៀងទទួលស្វាគមន៍ ដោយព្រះប្រមុខរដ្ឋកម្ពុជា។
ដោយអត្ថន័យនៃទស្សនកិច្ចផ្លូវរដ្ឋ គឺបង្ហាញឱ្យឃើញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានដល់កម្រិតកំពូល។

២. ទស្សនកិច្ចផ្លូវការ (Official Visit) ថ្នាក់នាយករដ្ឋមន្ត្រី គឺជាទស្សនកិច្ចកម្រិតខ្ពស់បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋ ដែលនាយករដ្ឋមន្ត្រីប្រទេសមួយទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមួយទៀត តាមការអញ្ជើញជាផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីម្ចាស់ផ្ទះ។
ជាការកត់សម្គាល់ពិធីទទួលបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការ មានកម្រិតទាបជាងទស្សនកិច្ចផ្លូវរដ្ឋ៖
- ទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលកម្ពុជា អមដោយកងកិត្តិយស។
- មានម៉ូតូស អមក្បួនរថយន្តនាយករដ្ឋមន្ត្រីចំនួនពី១៦ គ្រឿង។
- ពុំមានមហាជនឈរទទួលស្វាគមន៍តាមដងវិថីទេ។
- ពុំមានតាំងរូបថតនាយករដ្ឋមន្ត្រីទាំងពីរនៅលើដងវិថីទេ។
- មានរៀបចំពិធីជប់លៀងទទួលស្វាគមន៍ ដោយនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ។
សម្រាប់អត្ថន័យនៃទស្សនកិច្ចផ្លូវការ គឺបង្ហាញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ ឬជាទស្សនកិច្ចសម្តែងការគួរសមរបស់នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីទៅប្រទេសជាមិត្ត។

៣.ទស្សនកិច្ចការងារ (Working Visit) គឺដំណើរទស្សនកិច្ចជាកាតព្វកិច្ច ដែលត្រូវមកចូលរួមប្រជុំ ដូចជាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ ធ្វើលិខិតអញ្ជើញប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលប្រទេសសមាជិកឱ្យមកចូលរួមប្រជុំ។
ពិធីទទួលបដិសណ្ឋារកិច្ចទស្សនកិច្ច មានកម្រិតទាបជាងគេ៖
- ពុំមានការទទួលស្វាគមន៍ជាផ្លូវការពីនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ ដែលមានកងកិត្តិយសទេ។
- ពុំមានម៉ូតូស អមក្បួនរថយន្តរបស់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលទេ មានតែម៉ូតូ និងរថយន្តប៉ូលីសសម្រួលចរាចរណ៍ប៉ុណ្ណោះ។
- ពុំមានមហាជនឈរទទួលស្វាគមន៍តាមដងវិថីទេ។
- ពុំមានតាំងរូបថតនាយករដ្ឋមន្ត្រីទាំងពីរនៅលើដងផ្លូវទេ។
- មានរៀបចំពិធីជប់លៀងទទួលស្វាគមន៍ ដោយនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ។
ចំពោះអត្ថន័យនៃទស្សនកិច្ចការងារ គឺជាកាតព្វកិច្ចរបស់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ដែលត្រូវមកចូលរួមប្រជុំ ឬមកធ្វើការ ពុំមានទម្ងន់បង្ហាញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូចទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការទេ៕