សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
13-11-2026 22:51
(ភ្នំពេញ)៖ នារាត្រីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ យុវតី ល្អហួស ដែលបានខិតខំព្យាយាមរហូតសម្រេចក្តីស្រមៃ ក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី។
តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតម្លៃដ៏ធំធេងនៃជោគជ័យនេះសម្រាប់ប្រទេសជាតិទាំងមូល ដោយសម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាយាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី»។
សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ «នេះមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់ចៅស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ដែលចៅបានបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី របស់កម្ពុជានៅលើឆាកអន្តរជាតិ»៕



