ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំប្រចាំបញ្ជាត្រួតពិនិត្យ និងក្ដាប់សភាពការណ៍ បម្រើឲ្យការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
13-11-2026 18:45
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំប្រចាំបញ្ជាត្រួតពិនិត្យ និងក្ដាប់សភាពការណ៍ បម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចកម្ពុជាគ្រប់ស្ថាប័នទាំងអស់ ដែលយកអស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
សម្រាប់ថ្ងៃទី១ នៃការបើកដំណើរការជាផ្លូវការ ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព ដែលបង្កលក្ខណៈឲ្យភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករបានចូលទស្សនាដោយភាពកក់ក្ដៅជាទីបំផុត។
អនុគណៈកម្មការទី៤ (សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ) បានប្រើប្រាស់កម្លាំងការពារ ដែលដាក់ពង្រាយតាមគោលដៅសំខាន់ៗ សរុបប្រមាណជាង២ម៉ឺននាក់ មកពី៣១ស្ថាប័នអង្គភាព ដែលជាស្ថាប័នសំខាន់ៗ និងជំនាញពាក់ព័ន្ធទៅនឹងការការពារសុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកនេះ ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៃកិច្ចប្រជុំ៕



















