FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍

13-11-2026 18:33

(ភ្នំពេញ)៖ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា បានបង្ហាញ​ការស្ញប់ស្ញែងចំពោះកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ខណៈដែលប្រទេសកម្ពុជា និងរវ៉ាន់ដា មានប្រវត្តិជូរ​ចត់មិនខុសគ្នានោះឡើយ។ លោកប្រធានាធិបតី បានលើកឡើងថា ការបានឃើញនូវកិច្ច​អភិ​វឌ្ឍន៍​របស់កម្ពុជា បានក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់រូបលោក ក្នុងការប្រឹងប្រែងជំរុញការ​អភិ​វឌ្ឍន៍ប្រទេសរវ៉ាន់ដា ឱ្យរីកចម្រើនថែមទៀត។

លោកប្រធានាធិបតីលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បាន​សម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរអញ្ជើញមកចូល​រួម​ក្នុង​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់លោកប្រធានាធិបតី និងគណៈប្រតិភូនៅ​កម្ពុជា​នាពេល។

សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ដំណើររបស់លោកប្រធានាធិបតី​ មក​កាន់​កម្ពុជា​នៅពេលនេះបង្ហាញឃើញច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់​ដា និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោ ក៏បានលើកឡើងពីប្រវត្តិសាវ​តារ​​ប្រទេសរវ៉ាន់ដា និងកម្ពុជា ដែល​មានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយសម្ដេច និង​លោកប្រធា​នា​ធិប​តីរវ៉ាន់ដា ក៏មានប្រវត្តិតស៊ូកម្សត់ប្រហាក់ប្រហែលគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅ​កម្ពុជា​នា​ពេលនេះ នឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរឹង​មាំ​បន្ថែមទៀត។

លោកប្រធានាធិបតីរវ៉ាន់ដា បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍​យ៉ាង​​​កក់ក្តៅពីសំណាក់សម្ដេចតេជោ ចំពោះរូបលោកនៅពេលនេះ។ លោកប្រធានាធិបតី បាន​លើក​ឡើងពីក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយបានចាត់​ទុក​ប្រទេស​កម្ពុជា​ គឺជាប្រទេសមួយដ៏អស្ចារ្យ។

លោកប្រធានាធិបតី បានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយលោកលើកឡើងថា កា​រ​អភិ​វឌ្ឍនៅកម្ពុជា នឹងលើកទឹកចិត្តបន្ថែមទៀតដល់លោកផ្ទាល់ក្នុងការអភិវឌ្ឍ​ដឹកនាំ​ប្រទេស​របស់​​ខ្លួន។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ក៏បានសម្ដែងការចាប់អារម្មណ៍​ចំពោះប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរបស់លោកផ្ទាល់ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា​ដែល​អាចស្វែងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា។

លោកប្រធានាធិបតី បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានៅពេលនេះ ជាការ​ស្វែង​រកឱកាស ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក​ប្រធានាធិបតី​រវ៉ាន់​ដា។ សម្ដេចតេជោ បានលើកឡើងថា សម្ដេចគាំទ្រចំពោះប្រទេសទាំងពីរ ដែលបានពង្រឹង​កិច្ច​សហប្រតិបត្តិការលើការវិនិយោគ និងទេសចរណ៍ ហើយបានឈានទៅចុះហត្ថ​លេខាលើឯក​សារអនុស្សារណៈចំនួន៣ជាមួយគ្នា។

សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងរវ៉ាន់ដា ដែលបាន ចុះហត្ថលេខារ​វាង​រដ្ឋាភិបាលប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៌ាមួយដ៏សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់​ទំនង​រវាង​កម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិ​បត្តិ​ការ​រ​វាងប្រទេសទាំងពីរនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។ សម្ដេចតេជោ​បាន​កត់​សម្គាល់ថា ប្រទេសទាំងពីរជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ដូច្នេះអាចមានឱកាស​យល់ពី​គ្នាច្រើន ហើយស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕