ប្រធានាធិបតីសេណេហ្គាល់ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
13-11-2026 17:47
(ភ្នំពេញ)៖ លោក Bassirou Diomaye Diakhar FAYE ប្រធានាធិបតីនៃសាធារណរដ្ឋសេណេហ្គាល់ (Senegal) បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសជាសមាជិក និងសង្កេតការណ៍ជុំវិញពិភពលោក ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍និយាយភាសាបារាំង។
គួរបញ្ជាក់ផងដែរថា សេណេហ្គាល់ និងកម្ពុជា មានចំណងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងស្អិតរមួតនៅក្នុងមហាគ្រួសារហ្វ្រង់កូហ្វូនី ដោយអតីតប្រធានាធិបតីទី១ នៃសាធារណរដ្ឋសេណេហ្គាល់ លោក ឡេអូប៉ូល សេដារ សេងហ្គ័រ (Léopold Sédar Senghor) និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សុទ្ធសឹងជាបិតាស្ថាបនិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)៕
