និយ័តករមូលបត្រ៖ ការចូលរួមរបស់ក្រុមហ៊ុនឯកជនមានសារៈសំខាន់ចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ
13-11-2026 16:45
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដោយការចូលរួមនេះត្រូវដើរទន្ទឹមនឹងការគោរពច្បាប់ តម្លាភាព សុចរិតភាព និងការការពារវិនិយោគិន។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីសម្ពោធការិយាល័យជាផ្លូវការរបស់ក្រុមហ៊ុន លីរូនិច (ខេមបូឌា) ឯ.ក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាកំពុងបន្តមានការវិវត្ត និងពង្រីកសកម្មភាពជួញដូរ។
ថ្លែងក្នុងពិធីសម្ពោធនេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ការបើកការិយាល័យរបស់ក្រុមហ៊ុន លីរូនិច (ខេមបូឌា) ឯ.ក គឺជាសមិទ្ធផលថ្មីមួយក្នុងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុនផ្តល់សេវាកម្មក្នុងវិស័យនេះ ក៏បង្ហាញពីការវិវត្តនៃបរិយាកាសវិនិយោគ និងការពង្រីកសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យមូលបត្រ និងឧបករណ៍និស្សន្ទ គឺជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន និយ័តករ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ វិនិយោគិន និងវិស័យឯកជន។ ការចូលរួមទាំងនេះត្រូវផ្អែកលើគោលការណ៍តម្លាភាព សុចរិតភាព គណនេយ្យភាព និងការគោរពច្បាប់ ដើម្បីធានាដល់ការអភិវឌ្ឍទីផ្សារប្រកបដោយនិរន្តរភាព។
លោកមានប្រសាសន៍ថា៖ «ក្នុងរយៈពេលកន្លងមក ប្រព័ន្ធហិរញ្ញវត្ថុ និងទីផ្សារមូលធននៅកម្ពុជាមានការវិវត្តជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ក្របខ័ណ្ឌបទប្បញ្ញត្តិ ស្ថាប័នផ្តល់សេវាកម្ម និងការចូលរួមរបស់វិនិយោគិន។ ការរីកចម្រើននេះបានបង្កើតមូលដ្ឋានសម្រាប់ការពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សេដ្ឋកិច្ច និងអ្នកចូលរួមក្នុងទីផ្សារ»។
ដោយឡែក លោក Foonng Kim Weng ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន លីរូនិច (ខេមបូឌា) ឯ.ក បានថ្លែងអំណរគុណដល់ក្រុមការងារនៅកម្ពុជា ថ្នាក់ដឹកនាំ និងដៃគូអាជីវកម្ម ដែលបានចូលរួមគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុន។ លោកបានលើកឡើងថា ការបើកការិយាល័យនៅកម្ពុជាមិនមែនជាសមិទ្ធផលរបស់បុគ្គល ឬក្រុមហ៊ុនតែមួយនោះទេ ប៉ុន្តែជាលទ្ធផលនៃការសហការ ការប្តេជ្ញាចិត្ត និងទំនុកចិត្តរវាងអ្នកពាក់ព័ន្ធទាំងអស់។
លោកក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើការជាក្រុម និងការមានចក្ខុវិស័យរួម ដោយថា ភាពជោគជ័យមិនអាចសម្រេចបានដោយបុគ្គលតែម្នាក់ឡើយ ប៉ុន្តែត្រូវការការសហការ ការតាំងចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ លោករំពឹងថា៖ «ក្រុមហ៊ុននឹងបន្តអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងរយៈពេលខាងមុខ»។
យោងតាមទិន្នន័យរបស់និយ័តករមូលបត្រកម្ពុជា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ និយ័តករបានផ្តល់អាជ្ញាបណ្ណ និងការអនុញ្ញាតដល់ក្រុមហ៊ុនប្រកបអាជីវកម្មឧបករណ៍និស្សន្ទសរុបចំនួន ២៧ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសមភាគីកណ្តាលចំនួន ៥ និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទចំនួន ២២។ ចំពោះប្រភេទផលិតផលជួញដូរ និយ័តករមូលបត្រកម្ពុជាបានអនុញ្ញាតឱ្យមានការជួញដូរឧបករណ៍និស្សន្ទចំនួន ៦ប្រភេទ រួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយបណ្ណ លោហធាតុមានតម្លៃ ប្រេងឆៅ មូលបត្រកម្មសិទ្ធិ សន្ទស្សន៍ និងទំនិញ។
ទិន្នន័យដដែលបង្ហាញថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាមានគណនីជួញដូរសរុបចំនួន ១៩ ១៣៦គណនី និងមានទំហំជួញដូរប្រមាណ ១,៩៩លានឡូត (Lot)។ ចំណែកតម្លៃជួញដូរសរុបមានប្រមាណ ២,៣៤ពាន់លានដុល្លារអាម៉េរិក។តួលេខទាំងនេះ បានបង្ហាញថាអាជីវកម្មឧបករណ៍និស្សន្ទមានសកម្មភាព និងការចាប់អារម្មណ៍ពីសាធារណជនជា ពិសេសវិនិយោគិនសក្តានុពល។ គួរបញ្ជាក់ថា ឡូត (Lot) គឺជាឯកតាស្តង់ដារសម្រាប់វាស់វែងបរិមាណនៃកិច្ចសន្យាជួញដូរនីមួយៗ៕



