សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International» (Video inside)
13-11-2026 16:23
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចៅស្រី «ល្អហួស» ដែលបានខិតខំប្រឹងប្រែងរហូតសម្រេច បាននូវការគាំទ្រយ៉ាងលើសលប់ ពីសំណាក់អ្នកបោះឆ្នោតជាង ៤៥លាននាក់។ ការគាំទ្រដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យចៅស្រី «ល្អហួស» ឈរនៅលំដាប់លេខ១ ក្នុងចំណោមបេក្ខជនទាំង៥រូប ដែលមកពី៥ប្រទេសផ្សេងគ្នា។
សម្តេចតេជោ ហ៊ុន សែន បានជូនពរចៅស្រីឱ្យបន្តនាំមុខរហូតដល់ចប់ការប្រកួត។ សម្តេចបានថ្លែងថា ប្រជាជនកម្ពុជាជាង១៨លាននាក់គាំទ្រ ដល់ការខិតខំរបស់ចៅ។
សូមបញ្ជាក់ថា កញ្ញា ជូរី ល្អហួស គឺជាម្ចាស់មកុដ Miss Teen Icon Cambodia ឆ្នាំ២០២៦ ដែលបានចេញទៅតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតនៅលើឆាកអន្តរជាតិដ៏ធំមួយនេះនៅប្រទេសឥណ្ឌូនេស៊ី។ ភាពជោគជ័យដំបូងរបស់កញ្ញា ជូរី ល្អហួស មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានលើកស្ទួយកិត្តិយសជាតិកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិផងដែរ៕


