នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលមរណភាពក្នុងជន្មាយុ ៦១ឆ្នាំ ដោយរាគាពាធ
13-11-2026 15:54
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងថា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៤នាទី ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។
ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការទទួលមរណភាពនាយឧត្តមសេនីយ៍ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារទាំងមូល និងប្រទេសជាតិ ដែលបានបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវជាស្វាមី ឪពុក និងជីតា ដែលតែងតែបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។
សពរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


