សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
13-11-2026 15:38
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជូន លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះមរណភាពរបស់ស្វាមី។ ឯកឧត្តម ខែក ស៊ីសូដា ដែលទទួលមរណភាព នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០យប់ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំសូមបានសម្តែងនូវសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា និងសូមចូលរួមរំលែកទុក្ខប្រកប ដោយមនោសញ្ចេតនាអាឡោះអាល័យឥតគណនា ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា និងសាច់ញាតិប្រកបដោយព្រហ្មវិហារធម៌។
ឯកឧត្តម ខែក ស៊ីសូដា គឺជាឥស្សរជនមួយរូបដែលតែងតែបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីស្ទើរពេញមួយជីវិតបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ប្រកបដោយស្វាមីភក្តិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។ ពលិកម្មដ៏ថ្លៃថ្លារបស់ ឯកឧត្តមក្នុងការបម្រើជាតិ និងមាតុភូមិនឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខែក ស៊ីសូដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

