FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលក្រួស ១ខ្សែ និងសំណង់សិល្បការ្យ នៅស្រុកឯកភ្នំ

13-11-2026 15:29

(បាត់ដំបង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ លោក ឈឹម សៅគី បានឱ្យដឹងថា លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយលោកតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ហេដ្ឋារចនាសម្ព័ន្ធជនបទគឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយនៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គម ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសខាងលើ រហូតដល់បញ្ចប់ សុពភាព ពិតជាផ្តល់អត្ថប្រយោជនដល់ប្រជាជនរស់នៅមូលដ្ឋាន ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវទាំងនោះក៏ជាកាបម្រើដល់វិស័យ ការដឹកជញ្ជូនយ៉ាងសំខាន់ និងការរកស៊ីទទួលទានប្រចាំថ្ងៃផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

លោក ឈឹម សៅគី បន្ថែមថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទតាមរយៈការលើកកម្ពស់សេវា សង្គមនានា ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន នៅជនបទ និងការបន្តលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។

ចំពោះខ្សែផ្លូវខាងលើ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ លូ និងស្លាកសញ្ញាផ្សេងៗនៅក្នុងមូលដ្ឋាន ឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់៕