FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា

13-11-2026 15:23

(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា និងគណៈប្រតិភូ ក្នុងឱកាសលោកប្រធានាធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

លោក ផូល ខាហ្គាម៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅថ្ងៃម្សិលមិញ។ ដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងរបស់លោក ផូល ខាហ្គាម៉េ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋផង និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផង។

ព្រឹកមិញនេះ នៅឯព្រះបរមរាជវាំង លោកប្រធានាធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសបំផុត ដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ក្រៅពីអញ្ជើញគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ និងជួបជាមួយសម្តេចតេជោហើយនោះ លោកប្រធានាធិបតី ក៏នឹងមានជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវ​រធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀត​នូវ​ទំនាក់​ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួន​ក្នុងវិស័យ​ពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍ នឹងត្រូវបានចុះហត្ថលេខា ដែលនឹងផ្តល់នូវ​កម្លាំងចល​ករថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់​តែជិត​ស្និទ្ធ​ថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងរវ៉ាន់ដា៕