FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សំ លាងទ្រី ផ្តល់អំណោយស្រូវ២តោន ជួយគ្រួសាររងគ្រោះដោយអគ្គិភ័យ២គ្រួសារ នៅឃុំចម្រើន ស្រុកសង្គមថ្មី

13-11-2026 15:23

(ព្រះវិហារ)៖ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានផ្តល់ស្រូវចំនួន២តោន ដល់ប្រជាពលរដ្ឋ២គ្រួសារ នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ដែលរងគ្រោះដោយអភ្គីភ័យបណ្តាលខូចខាតផ្ទះសំបែងទាំងស្រុង កាលពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាសដែលអភិបាលស្រុកសង្គមថ្មី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលបានរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ។

អំណោយដែលបាននាំយកទៅប្រគល់ជូនគ្រួសាររងគ្រោះទាំងពីរ រួមមាន៖ ស្រូវចំនួន ២តោន ដែលជាអំណោយរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងថវិកាចំនួន ១លានរៀល ដែលជាអំណោយរបស់រដ្ឋបាលស្រុកសង្គមថ្មី ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់គ្រួសាររងគ្រោះ។

បើតាមលោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ស្រូវចំនួន២តោនដែលនាំយកទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ ចំនួន២គ្រួសារ នៅឃុំចម្រើននោះ គឺយកមកពី «ធានាគារស្រូវ» ដែលមានទីតាំងនៅ ក្នុងវត្តសំឡាញ ឃុំត្បែងមួយ ដែលលោក សំ លាងទ្រី បានបង្កើតឡើងនៅពេលដែលលោកត្រូវបានថ្នាក់ដឹកនាំចាត់តាំងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី។

«ធនាគារស្រូវ» ដែលលោក សំ លាងទ្រី ផ្តួចផ្តើមបង្កើតឡើង គឺក្នុងគោលបំណងជួយទិញស្រូវពីប្រជាពលរដ្ឋដែលទើបប្រមូលផលរួច ហើយយកស្រូវនោះមកតម្កល់ទុកក្នុងវត្តសំឡាញ សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចខ្ចីយកទៅប្រើប្រាស់នៅពេលជួបការលំបាក ហើយនៅពេលប្រមូលផលបាន ត្រូវយកស្រូវមកសងវិញតាមចំនួនដែលបានខ្ចី ដើម្បីទុកសម្រាប់គ្រួសារដែលមានការខ្វះខាតផ្សេងទៀតអាចខ្ចីបន្តទៀត។

ប៉ុន្តែក្រោយពីលោក សំ លាងទ្រី ត្រូវបានថ្នាក់ដឹកនាំផ្លាស់ប្តូរភារកិច្ចទៅកាន់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប វិញ ធនាគារស្រូវដែលលោកបានផ្តួចផ្តើមបង្កើត និងតម្កល់ទុកនៅវត្តសំឡាញ ក៏មានបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងមានការបាត់បង់ស្រូវមួយចំនួនផងដែរ។

ដោយមើលឃើញពីស្ថានភាពលំបាករបស់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ លោកអភិបាលស្រុកសង្គមថ្មី បានស្នើសុំយកស្រូវពីប្រភព«ធនាគារស្រូវ»ដែលមានស្រាប់នោះ មកប្រើប្រាស់ក្នុងគោលបំណងជួយសម្រាលបន្ទុកដល់គ្រួសាររងគ្រោះទាំងពីរ ដើម្បីឱ្យពួកគាត់មានស្បៀងអាហារសម្រាប់ដោះស្រាយជីវភាពក្នុងអំឡុងពេលជួបការលំបាក៕