FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវដល់ពលរដ្ឋខេត្តពោធិ៍សាត់ រួមសាមគ្គី ការពារសន្តិភាព និងប្តេជ្ញាប្រែក្លាយមុខមាត់ខេត្ត ឱ្យរីកចម្រើនក្នុងរយៈពេល ៥ឆ្នាំខាងមុខ

13-11-2026 15:17

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព ព្រមទាំងបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រែក្លាយមុខមាត់ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនខ្លាំងស្ទើរតែមើលលែងស្គាល់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីបក្សមូលដ្ឋានសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ប្រមាណ១,៦៤៤នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ក្នុងពិធីសំណេះសំណាលនោះ លោក កែវ រតនៈ បានរំឭកឡើងវិញពីមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ នៃការបែកបាក់សាមគ្គីភាព និងភ្លើងសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេល ៤៧ឆ្នាំ ដែលប្រទេសកម្ពុជា និយាយជារួម និងខេត្តពោធិ៍សាត់ និយាយដោយឡែក ធ្លាប់បានឆ្លងកាត់។ លោកបានគូសបញ្ជាក់ថា ក្រោយទទួលបានសន្តិភាពពេញលេញ កម្ពុជាមានពេលខ្លីបំផុត ក្នុងការស្តារ និងកសាងប្រទេសឱ្យរីកចម្រើនឈានឡើងជាលំដាប់ ដូចសព្វថ្ងៃ។ ហេតុដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមសាមគ្គីគ្នាការពារសន្តិភាព និងសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដោយមិនត្រូវឱ្យមានការបែកបាក់ផ្ទៃក្នុងជាដាច់ខាត។

លោក កែវ រតនៈ បានដាក់ចេញនូវចក្ខុវិស័យក្នុងការរៀបចំសួនច្បារ និងច្រាំងស្ទឹងក្នុងក្រុងពោធិ៍សាត់ មិនត្រឹមតែជាកន្លែងលម្ហែ ឬហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យក្លាយជាទីផ្សារដ៏រស់រវើក ដែលផ្តល់ឱកាសដល់បងប្អូនអាចប្រកបអាជីវកម្មលក់ដូរ ចាប់ពីពេលថ្ងៃរហូតដល់កណ្តាលអធ្រាត្រ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីសមិទ្ធផលជាច្រើនទៀត ដែលខេត្តសម្រេចបាន និងកំពុងបន្តអនុវត្ត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដាំដើមឈើ តិចបំផុតម្នាក់ ១ដើម និងថែរក្សាអនាម័យបរិស្ថាន ជាពិសេសការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា យ៉ាងយូរ ៥ឆ្នាំទៀត ខេត្តពោធិ៍សាត់នឹងប្រែមុខប្រែមាត់រីកចម្រើនយ៉ាងឆាប់រហ័ស ដោយលោកបានក្រើនរំឭកថា ខេត្តពោធិ៍សាត់ត្រូវប្រឡងប្រណាំងជាមួយបណ្តាខេត្តដទៃទៀត រីឯក្រុងពោធិ៍សាត់ ក៏ត្រូវប្រឡងប្រណាំងជាមួយបណ្តាស្រុកដទៃផ្សេងទៀតផងដែរ។

លោករដ្ឋមន្ត្រី កែវ រតនៈ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ បង្កើតការងារ លើកកម្ពស់វិស័យអប់រំ ទេសចរណ៍ និងការគ្រប់គ្រងចំណូល-ចំណាយប្រកបដោយប្រសិទ្ធភាព។

លោក កែវ រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តផ្តល់ទំនុកចិត្ត និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ នាឆ្នាំ២០២៨ខាងមុខ ដើម្បីធានាបាននូវអនាគត មុខមាត់ និងការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តពោធិ៍សាត់យើង៕