កម្លាំងនគរបាលខេត្តសៀមរាប ត្រៀមអនុវត្តផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច
13-11-2026 15:08
(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។
ជាមួយគ្នានេះ ខេត្តសៀមរាបនឹងរៀបចំពិធីទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរអញ្ជើញមកដល់របស់ លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់គ្រប់អង្គភាព និងកងកម្លាំងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តផែនការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវរៀបចំកម្លាំង មធ្យោបាយ និងសម្ភារបច្ចេកទេសឱ្យបានគ្រប់គ្រាន់ ព្រមទាំងបែងចែកភារកិច្ច និងកំណត់គោលដៅការពារឱ្យបានច្បាស់លាស់ ស្របតាមតួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗ។
ជាពិសេស ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យ និងការគ្រប់គ្រងស្ថានភាពសន្តិសុខតាមគោលដៅសំខាន់ៗ ទីតាំងប្រារព្ធពិធី តំបន់ទេសចរណ៍ និងតាមដងផ្លូវដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ឱ្យបានរួចជាស្រេច ដើម្បីដោះស្រាយរាល់សភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់ឱ្យកងកម្លាំងទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងបទបញ្ជារបស់អង្គភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ មានឥរិយាបថសុភាពរាបសា និងរួសរាយរាក់ទាក់ក្នុងការបំពេញតួនាទី ព្រមទាំងសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឱ្យកងកម្លាំងនគរបាលទាំងអស់ប្ដេជ្ញាចិត្តខ្ពស់ រួមសាមគ្គីភាព និងសហការគ្នាអនុវត្តផែនការឱ្យបានជោគជ័យ ដើម្បីធានាថា ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានកិត្តិយសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់ខេត្តសៀមរាបលើឆាកអន្តរជាតិ៕
