FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារសន្តិសុខ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលអប់រំកែប្រែទី៤

13-11-2026 14:37

(ពោធិ៍សាត់)៖ លោក លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទី៣ នៃក្រុមការងារចម្រុះសម្រាប់ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ការងារសន្តិសុខ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលអប់រំកែប្រែទី៤។

ការថ្លែងបែបនេះក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យបន្តចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការរដ្ឋបាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញ សុភី ប្រធានពន្ធនាគារ ម.៤ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយលើកយកនូវវិធីសាស្ត្រចាត់ចែងអនុវត្តនូវរាល់លិខិតបទដ្ឋាននានាសំដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង សន្តិសុខ អនាម័យ និងការបណ្តុះបណ្តាលផ្តល់ចំណេះជំនាញដល់ជនជាប់ឃុំ និងក្មេងទំនើង មានជំនាញដូចជា កសិកម្ម ជាងអគ្គិសនី ម៉ាស៊ីនត្រជាក់ សំណង់ រៀបបណ្តាញទឹកស្អាត ជាងដែក ជាដើម។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងឱកាសនោះលោក លី សុផាណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ ក៏ដូចជាក្មេងទំនើង ដើម្បីប្រែក្លាយពួកគេឲ្យក្លាយជាប្រជាពលរដ្ឋល្អ និងបានណែនាំឱ្យបន្តពង្រឹងប្រសិទ្ធភាពការងារ និងបន្តដោះស្រាយនូវរាល់ការលំបាកនានាដើម្បីទទួលបានទំនុកចិត្ត ការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្ថែមទៀត។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានកោតសរសើរ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ថ្នាក់នៃមណ្ឌលកែប្រែ ម.៤ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យរីករាលដាល ក្នុងពន្ធនាគារតាមរយៈការធ្វើតេស្តរហ័សរកសារធាតុញៀន ជាប្រចាំក៏ដូចជាការផ្តល់ជំនាញនានាទៅដល់ជនជាប់ឃុំ ក្មេងទំនើង និងជាលទ្ធផលការធ្វើតេស្ត ថ្ងៃនេះគ្មានវត្តមានសារធាតុញៀនលើមន្ត្រី ជនជាប់ឃុំ ក្មេងទំនើងឡើយ៕