FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក (Video inside)

13-11-2026 13:00

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា បានអនុញ្ញាតឱ្យលោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការ​គួរ​សម។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ចំពោះលោក គ្រីស្តូហ្វឺ ដែលត្រូវបានទទួលការ​តែងតាំង​ជាឯក​អគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្ត​មានរបស់​លោកនៅ​កម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាង​កម្ពុជា និង​អាមេ​រិកកាន់តែរីកចម្រើន​បន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅ ដែល​សម្ដេចតេជោ បាន​អនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម។ ក្នុងឱកាស​នេះ លោកបានលើក​ឡើង​ថា ពិតជារីករាយខ្លាំងណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយ​លោក​បញ្ជាក់ថា ការ​មក​ដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើនភាពជាដៃគូរវាងកម្ពុជា និងអាមេរិកឱ្យ​កាន់​តែរឹងមាំ​បន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកក៏បានអរគុណកម្ពុជា ដែលបានធ្វើកិច្ចការងារ​ក៏ដូចជា​សហ​ការ​ជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមក ក្នុងទំនាក់ទំនងទូទៅ ជាពិសេស​​ការ​បោសសម្អាត​ឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាបានសហការយ៉ាងល្អ​ជាមួយ​អាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយចំពោះការលើកឡើងរបស់​លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ ហើយសម្ដេចតេជោ ក៏ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង​រវាងកម្ពុជា និងអាមេរិក​នាពេលកន្លងមក និងបន្តរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ ក៏បានលើកឡើង​ពីការវិនិយោគរវាងកម្ពុជា និងអាមេរិក ដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងការបោ​ស​​សម្អាត​​​​ឧក្រិដ្ឋ​កម្មអនឡាញនៅកម្ពុជានេះ ដោយសម្ដេចតេជោ បានបង្ហាញការជឿជាក់​យ៉ាងមុត​មាំ​ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថានឹង​បោស​​​សម្អាត​ឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា ឱ្យអស់ពីប្រទេសកម្ពុជាតែម្ដង ដែលសម្ដេច​មាន​ការ​ជឿ​ជាក់ខ្ពស់។

សម្ដេចតេជោ បានបញ្ជាក់ទៅលោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ ​សូមបន្ត​សហការគ្នា ព្រោះ​បញ្ហាស្កេម​នេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហា​សកល​ដែលតម្រូវឱ្យ​មានកិច្ច​សហការគ្នាជាបន្តបន្ទាប់។ កម្ពុជា ក៏ជាប្រទេសមួយរងគ្រោះដោយបញ្ហា​ឆបោកតាម​ប្រព័ន្ធបច្ចេក​វិទ្យានេះដែរ។

ចំពោះទំនាក់ទំនងទ្វេភាគី លោក គ្រីស្តូហ្វឺ បានសម្ដែងការពេញចិត្ត​ចំពោះកិច្ចសហប្រតិបត្តិ​ការ​រវាង​កម្ពុជា និងអាមេរិក នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត បានប្រើពាក្យទៅកាន់សម្ដេច​តេជោថា លោកមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា ហើយលោកបានមើល​ឃើញពី​វិបុល​ភាពរបស់កម្ពុជាតាមរយៈសន្តិភាព។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា កម្ពុជា នឹងខិតខំប្រឹង​ប្រែង​ជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុង​ប្រទេស​កម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូនសម្ដេចតេជោដែរថា លោកនឹងធ្វើដំណើរទៅតាម​បណ្ដា​ខេត្ត​នានា​នៅកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កលក្ខណៈនៃការវិនិយោគ ដើម្បីទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត៕