FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ៖ មន្ត្រីអនុវត្តច្បាប់ ជាកម្លាំងស្នូលនៃការចូលរួមការពារផលប្រយោជន៍ជាតិ និងប្រជាជន

12-11-2026 21:46

(ភ្នំពេញ)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងថា មន្ត្រីអនុវត្តច្បាប់ ជាកម្លាំងស្នូលនៃការចូលរួមការពារផលប្រយោជន៍ជាតិ និងប្រជាជន។

លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសលោក និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

សិក្ខាសាលានេះ ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងលោក លោកស្រី អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ១៣៩នាក់។

ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស លោកអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីការពារសុខសុវត្ថិភាព ស្ថេរភាពសង្គម និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះដែរ លោកអគ្គព្រះរាជអាជ្ញា បានគូសបញ្ជាក់ថា មន្ត្រីយុត្តិធម៌ទាំងអស់ គឺជាបង្អែករបស់ប្រជាពលរដ្ឋ ដូចនេះត្រូវអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងស្ថាបន័តុលាការ អាជ្ញាធរដែនដី និងមន្រ្តីនគរបាលយុត្តិធម៌គ្រប់ផ្នែក គ្រប់ជំនាញ។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានមានប្រសាសន៍លើកទ្បើងថា៖

*១៖ ការអនុវត្តច្បាប់ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស ជាភារកិច្ចស្នូលរបស់មន្ត្រីអនុវត្តច្បាប់ ដែលត្រូវចូលរួមចំណែកការពារផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៍ជាក់ស្តែង និងដល់ឫសគល់របស់វា ដែលធានាបាននូវគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព ដោយប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ខ្លួនដែលមានចែងក្នុងច្បាប់ជាអាទិ៍ នីតិវិធីនៃការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការជំនុំជម្រះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានគូសបញ្ជាក់បន្ថែមថា តុលាការ អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅលើទូកតែមួយ ទើបអនុវត្តការងារបានជោគជ័យ។ បើមិនដូច្នេះទេ គឺបរាជ័យ។ បរាជ័យ នាំឱ្យបាត់បង់ការគាំទ្រ និងជំនឿទុកចិត្ត ដែលត្រូវតែកែសម្រួល និងវះកាត់។

*២៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី ដែលបានដាក់ចេញដោយ លោក កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីឆ្នាំ២០២៤ ដែលជាយុទ្ធនាការនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស ដោយគ្មានអំពើពុករលួយ ពិសេសសំណុំរឿងគ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានអំពើពុករលួយ។

*៣៖ ការកែទម្រង់វិស័យយុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការដ៏ល្អនៃប្រព័ន្ធយុត្តិធម៌ សំដៅពង្រឹងការអនុវត្តច្បាប់ ការការពារសិទ្ធិ សេរីភាពបុគ្គល និងផលប្រយោជន៍ជាតិជាធំ។

*៤៖ បន្តសហការការងារជាមួយអាជ្ញាធរដែនដី និងមន្ត្រីនរបាលយុត្តិធម៌ ទាំងអស់ឱ្យបានល្អប្រសើរ រឹងមាំ ដោយប្រកាន់ខ្ជាប់អភិក្រមទាំង៥ របស់សម្តេចតេជោ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ សម្អាតផ្ទះយើង និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវ:ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់៕