FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ម៉ក់ ជីតូ ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន

12-11-2026 21:21

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង អភិបាលរងខេត្ត ប្រធាន-អនុប្រធាននាយកដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងលោក លោកស្រី និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានភាពម៉ឺងម៉ាត់ថែមទៀត។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងបរិបទនេះ បញ្ហាសន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមទីតាំងទាំងនោះ។

លើសពីនេះ លោកបណ្ឌិត រដ្ឋលេខាធិការ ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ទាំងក្នុងក្របខណ្ឌជាតិ និងជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យបានទាន់ពេលវេលា សំដៅឈានទៅកាត់ផ្ដាច់រាល់ខ្សែរយៈនៃការលួចនាំចូល និងចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់លើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការត្រួតពិនិត្យ និងការទប់ស្កាត់រាល់សកម្មភាពលួចលាក់នាំចូលគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់តាមបណ្ដាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែនគ្រប់ប្រភេទ៕